ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថៃ្ងព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ មានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១០៥រូប។
មុននឹងចាប់ផ្តើមបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ អង្គសភាបានអនុម័ត យល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ចំនួន ៣រូប ដែល មានរាយនាមដូចតទៅ៖
១- លោក សុះ មុះសិន អាយុ ៤៨ឆ្នាំ
២- លោក ជាម ប៉េអា អាយុ ៤៨ឆ្នាំ
៣- លោក ជ័យ សុន អាយុ ៦៩ឆ្នាំ
របៀបវារៈសម័យបជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ មានចំនួន ៣ គឺ៖
១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហារត នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦។
២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៦។
៣- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ មានដូចខាងក្រោម :
១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រទានក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ អានព្រះរាជសារជូនអង្គសភាដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
២- របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៨ និងលើកទី៩ នីតិកាលទី៦ អានជូនអង្គសភាដោយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា។
៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដនរដ្ឋរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
– សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា
– លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាង
ច្បាប់
– លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈ កម្មាធិការចម្រុះកិច្ចការព្រំដែន និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារ សេចក្តីព្រាងច្បាប់
– អង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ១០៥សំឡង។
សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ បានដំណើរការប្រជុំតាមរបៀបវារៈទាំង៣ ចប់សព្វគ្រប់ នៅវេលាម៉ោង ១០:៣៦នាទី ថ្ងៃខែឆ្នាំដដែល។
អាស្រ័យដោយអង្គសភាមិនទាន់មានរបៀបវារៈសម្រាប់ធ្វើការពិភាក្សា និងអនុម័ត អង្គសភា បានលើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ មួយរយៈសិន។ ចំពោះព័ត៌មានទាក់ទង ការបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នឹងជូនដំណឹងនៅពេលក្រោយតាមរយៈ សេចក្តីជូនដំណឹង ៕
ដោយ ៖ សិលា