ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមន្ត្រីអាកាសចរណ៍ស៊ីវិល ក្រោយដកកាំភ្លើងខ្លីភ្ជង់គំរាមទៅលើបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់​ ដែលជាមន្ត្រីអាកាសចរណ៍ស៊ីវិល​ ត្រូវ​បានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន  ពាក់ព័ន្ធករណីយកអាវុធគំរាមជនរងគ្រោះ និងកាន់កាប់អាវុធខុសច្បាប់ (ដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះ) កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០​ និង២០នាទី នៅចំណុចក្នុងបុរីជីបម៉ុង៥៩៨ ផ្លូវP៤១ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅបុរីជីបម៉ុង៥៩៨ ផ្ទះលេខ១៧ ផ្លូវP៤១ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ បែល វ៉ាន់ដែត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអាកាសចរណ៍ស៊ីវិល មានទីលំនៅក្នុងបូរីជីបម៉ុងផ្ទះលេខ០៨ ផ្លូវP០៤ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។

ចណែក​សម្ភារដកហូតរួមមាន៖

១/កាំភ្លើងខ្លី១ដើមម៉ាក GLOOK 17JEN4 ពណ៌ខ្មៅ លេខBGEC 151​ និងគ្រាប់ចំនួន១៣គ្រាប់។ 

២/រថយន្ត១គ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញពេញ2BL-0199។

បេីតាមការ​បញ្ជាក់ពី​មន្រ្តី​នគរបាល​ នៃអធិការដ្ឋានខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩:៤០នាទីយប់ ជនរងគ្រោះចេញពីហូបអីនៅទួលគោក សំដៅមកផ្ទះដោយជិះរថយន្តម៉ាក FORD RAPTOR ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជាT.W.2727 សំដៅមកផ្ទះនៅចំណុចខាងលើ លុះពេលមកដល់ក្លោងទ្វារច្រកចូលបុរី ស្រាប់តែរថយន្តជនសង្ស័យបានឈប់នៅពីមុខមិនព្រមទៅមុខ ជនរងគ្រោះបានរង់ចាំប្រហែល៥នាទី ទើបសុីផ្លេ១ដង និងបើកភ្លើងហ្វាជាច្រើនដង ហើយក៏វ៉ារថយន្តជនសង្ស័យទៅមុន ខណៈពេលនោះរថយន្តជនសង្ស័យបានដេញតាមពីក្រោយរថយន្តជនរងគ្រោះដល់ចំណុចកើតហេតុ ជនសង្ស័យបានដកកាំភ្លើងខ្លី ភ្ជង់ទៅលើជនរងគ្រោះពីក្នុងរថយន្ត ដោយសួរថា មុននឹងសុីផ្លេដាក់ន៎ណា រួចក៏បើកថយន្តគេចខ្លួនបាត់។ 

បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍​ និងកម្លាំង​ជំនាញខណ្ឌបានចុះទៅកន្លែងកើតហេតុ ក៏បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្នុងបូរីជិបម៉ុងផ្ទះលេខ០៨ ផ្លូវP០៤ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង២២:០០នាទី នាថ្ងៃខែឆ្នាំដដែល ហើយយកមកប៉ុស្តិ៍ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖