ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិធ្វើជាអ្នក សម្របសម្រួលជាមួយតុលាការយុត្តិធម៌អន្តរជាតិលើបញ្ហា អាកាសធាតុ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយដែលស្នើឡើងដោយប្រទេសវ៉ានូអាទូ ដែលជាប្រទេសដីកោះក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ដើម្បីស្វែងរកមតិយោបល់អំពីកាតព្វកិច្ចផ្លូវច្បាប់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ប្រទេសដែលស្ថិតក្រោមសម្ពាធពីប្រព័ន្ធអាកាសធាតុ និងមានប្រជាជនរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។
ក្រោមការជួយជ្រោមជ្រែងពីប្រទេសចំនួន១៣២ នៅអង្គការសហប្រជាជាតិ (UN) ដំណោះស្រាយនេះត្រូវបានអនុម័តកាលពីថ្ងៃពុធសប្តាហ៍នេះ។ UN ឥឡូវនេះត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការស្វែងរកមតិយោបល់របស់ ICJ លើកាតព្វកិច្ចផ្លូវច្បាប់របស់ប្រទេសណាខ្លះ ដើម្បីការពារមនុស្សជំនាន់បច្ចុប្បន្ន និងអនាគតពីការប្រែប្រួលអាកាសធាតុ។ UN ក៏នឹងត្រូវស្វែងរកមតិយោបល់របស់ ICJ ទាក់ទងនឹងផលវិបាកផ្លូវច្បាប់ចំពោះ «ទង្វើ និងភាពអសកម្ម» របស់ប្រទេសណាមួយដែលបង្កឱ្យមានផលប៉ះពាល់ដល់អាកាសធាតុ ជះឥទ្ធិពលដល់អ្នកដទៃ ជាពិសេសប្រទេសកោះតូចៗ និងប្រជាពលរដ្ឋរបស់ពួកគេ ដែលស្ថិតក្នុងចំណោមអ្នកងាយរងគ្រោះបំផុតចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ។
ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) និយាយថា លោកសង្ឃឹមថា មតិយោបល់របស់ ICJ នឹងលើកទឹកចិត្តឱ្យប្រទេសនានា «ចាត់វិធានការការពារអាកាសធាតុយ៉ាងតឹងរ៉ឹង និងខ្លាំងក្លា»។ លោក ហ្គូតឺរ៉េស បានបន្ថែមថា «ប្រាកដណាស់ យើងពិតជាកំពុងស្ថិតក្នុងភាពអាសន្នខាងផ្នែកអាកាសធាតុ។ យើងប៉ាន់ស្មានលើតម្លៃនៃគ្រោះមហន្តរាយនេះថា នឹងលើសពីពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់យើង»៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN


ចែករំលែក៖