រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា មានមនុស្ស ៣១នាក់ស្លាប់ និង២៣០នាក់ត្រូវបានជួយសង្គ្រោះចេញពីអគ្គិភ័យឆាបឆេះស្រឡាង កាលពីយប់ថ្ងៃទី ២៩ ខែមីនា នៅតំបន់ភាគខាងកើតប្រទេសនេះ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរហ្វីលីពីនបានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ចំនួនមនុស្សបាត់បង់ជីវិតនៅក្នុងគ្រោះអគ្គិភ័យដែលលេបត្របាក់ ស្រឡាងដឹកអ្នកដំណើរមួយគ្រឿង នៅភាគខាងត្បូងហ្វីលីពីន បានកើនដល់៣១នាក់ហើយ ក្រោយសាកសពថ្មីៗត្រូវបានរកឃើញបន្ថែមទៀត។
អភិបាលខេត្តបាស៉ីឡាន (Basilan) លោក ជីម ហាតាម៉ាន់-សាលីម៉ាន់ (Jim Hataman-Salliman) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ពីដំបូងឡើយ យើងបានកំណត់ត្រាចំនួនអ្នកស្លាប់១៣នាក់ ហើយក្រោយមកក៏បានរកឃើញសាកសពថ្មី ១៨នាក់ទៀត ដូច្នេះឥឡូវតួលេខអ្នកបាត់បង់ជីវិតបានកើនដល់៣១នាក់»។ ស្រឡាងដែលជួបគ្រោះថ្នាក់មានគោលដៅធ្វើដំណើរចេញពីទីក្រុងហ្ស៉ាំបូអានហ្កា (Zamboanga) នៅកោះមិនដាណាវ (Mindanao) ឆ្ពោះទៅកាន់កោះចូឡូ (Jolo) ក្នុងខេត្តស៊ូលូ (Sulu) នៅពេលដែលអគ្គិភ័យបានឆាបឆេះឡើង កាលពីវេលាយប់ថ្ងៃពុធសប្តាហ៍នេះ ដែលជាហេតុនាំឱ្យអ្នកដំណើរនាំគ្នាលោតចូលទឹកដើម្បីភៀសខ្លួន។
ក្រុមសង្រ្គោះរួមមានទាំងឆ្មាំសមុទ្រហ្វីលីពីននិងអ្នកនេសាទ ជួយសង្រ្គោះបានអ្នកដំណើរ១៩៥នាក់ និងនាវិក៣៥នាក់ ខណៈដែលអណ្តាតភ្លើង បានលេបត្របាក់ស្រឡាងនោះនៅក្បែរកោះបាលូក-បាលូក (Baluk-Baluk) ក្នុងខេត្តបាស៉ីឡាន។ បើតាមលោកអភិបាលខេត្តបាស៉ីឡាន អាចនៅមានមនុស្សបាត់ខ្លួនមួយចំនួនទៀត ដ្បិតចំនួនអ្នកដំណើរជាក់ស្តែងនៅលើស្រឡាង លើសពីចំនួន២០៥នាក់ដែលមាននៅក្នុងបញ្ជីឈ្មោះផ្លូវការ។ ចំណែកមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យគឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters