ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា៖ ការវិនិយោគស្វាយចន្ទីមិនត្រឹមតែផ្តោតលើគុណភាព រសជាតិ ការផលិតប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីទទួលបានតម្លៃបន្ថែម។
ការថ្លែងបែបនេះរបស់លោក ឌិត ទីណា ធ្វើឡើងនាឱកាសរូបលោកនិងថ្នាក់ដឹកនាំបានទទួលជួបគណៈប្រតិភូផ្នែកឯកជននៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Dr. Wang Xiangshe កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការសាទរចំពោះក្រុមហ៊ុនដែលមានខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃល្អ ព្រមទាំងមានផែនការវិនិយោគច្បាស់លាស់លើដំណាំឧស្សាហកម្មនៅកម្ពុជា ដោយមានគោលដៅជាក់លាក់នាំទៅប្រទេសចិន។
បើតាមការបញ្ជាក់ពីលោករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ សម្រាប់ការវិនិយោគស្វាយចន្ទីមិនត្រឹមតែត្រូវផ្តោតលើគុណភាព រសជាតិ និងមានផែនការផលិតច្បាស់លាស់តាមតម្រូវការទីផ្សារប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីទទួលបានតម្លៃបន្ថែម ព្រមទាំងគិតគូរដល់បរិស្ថាននិងព្រៃឈើ(Eco-Friendly)៕
ដោយ៖ ស តារា