ព័ត៌មានទាន់ហេតុការណ៍៖

តើពលរដ្ឋកោះតៃវ៉ាន់សម្រេចជ្រើសរើសយកសង្គ្រាមឬសន្តិភាព

ចែករំលែក៖

បច្ចុប្បន្នពលរដ្ឋតៃវ៉ាន់មានជម្រើសតែពីរគត់ ដោយមិនមានជម្រើសក្នុងការទទួលបានឯករាជ្យនោះឡើយ។ ក្រោយទស្សនកិច្ចនៅចិន អតីតមេដឹកនាំតៃវ៉ាន់ លោក ម៉ា យីងជាវ និយាយថា ដែនកោះនេះត្រូវប្រឈមនឹងជម្រើសពីរប៉ុណ្ណោះ គឺរវាងសន្តិភាពនិងសង្រ្គាម។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា អតីតមេដឹកនាំកោះតៃវ៉ាន់លោក ម៉ា យីងជាវ (Ma Ying Jeou) នៅថ្ងៃសុក្រនេះបាននិយាយថា ភាពតានតឹងជាមួយចិនបានបន្តកើនឡើងនៅក្រោមរដ្ឋាភិបាលតៃវ៉ាន់សព្វថ្ងៃ ហើយនៅថ្ងៃខាងមុខដែនកោះនេះនឹងត្រូវប្រឈមមុខនឹងជម្រើសពីរ គឺរវាងសន្តិភាពនិងសង្រ្គាម។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រលានយន្តហោះធំបំផុតរបស់តៃវ៉ាន់ ក្រោយត្រឡប់មកពីការបំពេញទស្សនកិច្ចសរុបរយៈពេល១២ថ្ងៃ នៅឯប្រទេសចិន លោក ម៉ា បាននិយាយយ៉ាងដូច្នេះថា «រដ្ឋាភិបាលរបស់យើងនៅតែកំពុងបន្តដឹកនាំតៃវ៉ាន់ឆ្ពោះទៅរកគ្រោះថ្នាក់។ នាពេលអនាគតនឹងត្រូវជ្រើសរើសរវាងជម្រើសពីរ គឺសន្តិភាពនិងសង្រ្គាម»។ លោកម៉ា គឺជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងគេបំផុតដែលបានទៅបំពេញទស្សនកិច្ចនៅចិន ខណៈដែលមកទល់ពេលនេះមិនធ្លាប់មានមេដឹកនាំតៃវ៉ាន់ដែលកំពុងកាន់អំណាចទៅបំពេញទស្សនកិច្ចនៅទីនោះឡើយ គិតចាប់តាំងពីឆ្នាំ១៩៤៩មក។
លោក ម៉ា យីងជាវ ធ្លាប់កាន់តំណែងជាមេដឹកនាំតៃវ៉ាន់ កាលពីចន្លោះឆ្នាំ២០០៨-២០១៦ ក្នុងនាមជាប្រមុខរដ្ឋាភិបាលនៃគណបក្សគួមីនតាង (Kuomintang ឬ KMT)។ គួមីនតាងដែលបច្ចុប្បន្នជាគណបក្សប្រឆាំង គឺប្រកាន់ជំហរឱ្យចង់មានទំនាក់ទំនងកក់ក្តៅជាមួយចិន។ កាលពីឆ្នាំ២០១៥ លោក ម៉ា ថែមទាំងបានជួបមុខគ្នាជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅសិង្ហបុរីទៀតផង។ យ៉ាងណាមិញ អំឡុងទស្សនកិច្ចកន្លងទៅនេះ លោកមិនបានជួបជាមួយថ្នាក់ដឹកនាំចិននោះទេ។
ដំណើរទស្សនកិច្ចរបស់លោក ម៉ា នៅប្រទេសចិនកើតមានស្របពេលភាពតានតឹងជាមួយចិនបានកើនឡើង ជាពិសេសគឺក្នុងសប្តាហ៍នេះតែម្តង ដោយសារជំនួបរវាងមេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន គឺលោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) និងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី (Kevin McCarthy) អំឡុងការឆ្លៀតឈប់សម្រាករបស់លោកស្រីនៅសហរដ្ឋអាមេរិកក្នុងដំណើរត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់អាមេរិកកណ្តាលវិញ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Bloomberg


ចែករំលែក៖