ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់សហគ្រិនឱ្យបង្កើនសមត្ថភាពនៃការប្រកួតប្រជែងដើម្បីជំរុញភាពខ្លាំងនៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាជំរុញដល់សហគ្រិនទាំងអស់ខិតខំការដោះស្រាយបញ្ហាដែលប្រឈម ខណៈសម្ដេចបានណែនាំដល់ក្រសួងស្ថាប័នរដ្ឋឱ្យមានវិធានការនានាដើម្បីធានាកាត់បន្ថយថ្លៃដើមនៃការផលិត សម្រួលដល់ការនាំចេញ និងបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ចផងដែរ។
សម្ដេចថ្លែងបែបនេះក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថាមានការភ័ន្តច្រឡំមួយចំនួនលើពាក្យថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈសម្ដេចបញ្ជាក់ថាសហគ្រាសធុនតូចនិងមធ្យមនេះហើយជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។
សម្ដេចតេជោថា៖ «យើងទាំងអស់គ្នានៅទីនេះហៅថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងទៅមានអ្នកមួយចំនួនតាំងខ្លួនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតែគេមិនដឹងថារដ្ឋាភិបាលធ្វើអីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានបង្កើតធនាគារសហគ្រាស ធុនតូច និងមធ្យមកម្ពុជាសម្រាប់ចូលរួមផ្តល់ការគាំទ្រ និងដាក់ចេញ នូវយន្តការគាំទ្រនានាដល់ការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ។
ទន្ទឹមនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននិងកំពុង ផ្តល់ឥណទានទៅសហគ្រាសធុនតូច និងមធ្យមតាមរយៈគម្រោង ហិរញ្ញប្បទានធំ ២ គឺ
-១).គម្រោងហិរញ្ញប្បទានដោយផ្ទាល់
-និង ២). គម្រោងសហហិរញ្ញប្បទាន ដែលគិតមកដល់ ខែកញ្ញា ឆ្នាំ២០២២ នេះ ធនាគារបានបញ្ចេញឥណទានសរុបចំនួនជាង៤០០លានដុល្លារអាម៉េរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ០៨៥ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះវិធានការផ្នែកពន្ធដារ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ និងបទប្បញ្ញតិសម្រាប់លើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត និងដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ។ ចំពោះវិធានការផ្នែកគយ រាជរដ្ឋាភិបាលបានរៀបចំ គោលនយោបាយពន្ធអាករ និងយន្តការលើកទឹកចិត្តផ្នែកគយ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនភាពប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ៕
ដោយ ៖ សិលា