ភ្នំពេញ៖ ទីបំផុតក្រោយពីរង់ចាំអស់រយៈពេល៣ឆ្នាំ នោះ ដំណើរមកដល់របស់តារាសម្តែងមីយ៉ាន់ម៉ា លោក Paing Takhon បានធ្វើដំណើរមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញរបស់ប្រទេសកម្ពុជាហើយកាលពីល្ងាចថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២៣នេះ។ កម្ពុជាគឺជាដំណើរក្រៅប្រទេសដំបូងហើយដែលតារាសម្តែង បង្ហាញម៉ូត និងចម្រៀងមីយ៉ាន់ម៉ា ដែលល្បីល្បាញក្នុងតំបន់អាស៊ី រូបនេះធ្វើដំណើរមក ក្រោយពីប្រទេសរបស់ខ្លួនមានបញ្ហាផ្នែកវិបត្តិនយោបាយកន្លងមក។
លោក លៀក លីដា ចាងហ្វាងផលិតកម្មLD Pictureបានលើកថា ការធ្វើដំណើរមកកាន់កម្ពុជាលើកនេះគឺស្ថិតក្រោមការពិនិត្យលើគម្រោងថតភាពយន្តមួយដែលផលិតកម្មរបស់លោកបានសហការជាមួយផលិតកម្មនៅមីយ៉ាន់ម៉ា និងក្រោយពីខកខានបំពេញការងាររួមគ្នាអស់៣ឆ្នាំកន្លងមក។ លោក លៀក លីដា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មកលើកនេះគឺតារាសម្តែងរូបនេះមកពិនិត្យមើលការថតភាពយន្ត ហើយសម្រាប់ការថតកន្លងមកនៅប្រទេសភូមា គឺអាចនឹងលប់ចោល ហើយសាច់រឿង និងចំណងជើងរឿងក៏មានការផ្លាស់ប្តូរដែរ។ លោកអរគុណសន្តិភាព អរគុណការជួយសម្របសម្រួលពីក្រសួងស្ថាប័នពាក់ព័ន្ធដែលអាចជួយឲ្យតារាសម្តែងរូបនេះធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយការថតភាពយន្តក្រោមទុន១លានដុល្លារនឹងអាចធ្វើបន្តទៀតនៅពេលខាងមុខ ។
លោកលើកឡើងដែរថា ដំណើរមកដល់ របស់Paing Takhon គឺរយៈពេលមួយសប្តាហ៍ ហើយលោកនឹងធ្វើដំណើរកម្សាន្តនៅកម្ពុជាផងដែរ បន្ទាប់ពីការប្រជុំជាមួយក្រុមការងារផលិតភាពយន្តខ្មែរ និងមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗនេះ។ លោករំពឹងថាដំណើរមកដល់រប់សតារាសម្តែងរូបនេះនឹងមានផ្លែផ្កាល្អ សម្រាប់ការផលិតភាពយន្ត ហើយនឹងនាំភាពយន្តដែលសហការផលិតនេះចេញទៅចាក់បញ្ចាំងនៅលើរោងភាពយន្តបរទេសបាន។ ប្រសិនបើគម្រោងនៃការធ្វើដំណើរមកលើកនេះរបស់លោក ទទួលបានលទ្ធផលល្អប្រសើរគឺរំពឹងថាភាពយន្តនៅកម្ពុជានឹងកាន់តែរីកចម្រើនពិសេសទីផ្សារភាពយន្តដែលខ្មែរចង់ជ្រៀតចូលទីផ្សារអន្តរជាតិនោះ៕
ដោយ ៖ វឌ្ឍនា