ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានប្រាប់ឲ្យដឹងថា ចំពោះសំណុំរឿងជនត្រូវចោទដែលជាជនជាតិចិន៥នាក់ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នាជាង១០លានដុល្លារអាមេរិកនោះ ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ បន្ទាប់ពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួររួចរាល់ពីបទបង្ខាំងមនុស្សដោយខុសច្បាប ធ្វេីទារុណកម្មដេីម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
សុំណុំរឿងនេះ ត្រូវបានតំណាងអយ្យការចេញដីកាសន្និដ្ឋានឱ្យស៊ើបសួរ និងចោទប្រកាន់ជាផ្លូវការ ដោយបញ្ជូនទៅចៅក្រមស៊ើបសួរបន្តដើម្បីសម្រេច ឃុំខ្លួនឬមិនឃុំខ្លួនតាមឆន្ទានុសិទ្ធិ។
សូមជម្រាបថា មុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ២ថ្ងៃ មានករណីចាប់បង្ខាំងជនជាតិចិនម្នាក់ដើម្បីជំរិតទារប្រាក់ប្រមាណ១០លានដុល្លារអាមេរិក នៅចំណុចចំណតរថយន្តនៃអគារស្នាក់នៅស្កាយវីឡា ដែលមានអាសយដ្ឋានអគារលេខ១៩២ ផ្លូវ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយត្រូវកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបានឧក្រិដ្ឋជនជនជាតិចិនដូចគ្នាចំនួន៧នាក់ នៅពីរគោលដៅផ្សេងគ្នាក្នុងខណ្ឌដង្កោ ខណៈដែលក្រុមគ្រួសារជនរងគ្រោះសូមស្នើឱ្យតុលាការផ្តន្ទាទោសជនសង្ស័យតាមច្បាប់។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យបណ្ដាញព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ដឹងថា ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១០លានដុល្លាអាមេរិករនេះ បានកើតឡើងនៅម៉ោង២យប់រំលងអធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។
បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនទៅកាន់មន្ត្រីនគរបាលយុត្តិធម៌វិញ ដោយតម្រូវឱ្យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញវិញ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការសើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្ន ឬ អនុញ្ញាតឲ្យនៅក្រៅឃុំតាមឆន្ទានុសិទ្ធិ៕
ដោយ ៖ រ៉ារ៉ា