ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៣៩នាក់បម្រុងឆ្លងដែនខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ណែនាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលនិងយោធាឈរជើងតាមព្រំដែនបានឃាត់ខ្លួនពលរដ្ឋប្រុសស្រីដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាងសរុបចំនួន៣៩នាក់ កាលពីវេលាម៉ោង០២និង៤៥នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដោយកម្លាំងនគរបាលប៉ុស្តិ៍ស្ពានម៉ាឡៃ សហការជាមួយកម្លាំងយោធាវរសេនាតូចលេខ៥១៣ បានទប់ស្កាត់ប្រជាពលរដ្ឋប្រុសស្រីសរុបចំនួន៣៩នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចគោលដៅដំបូកវិល ស្ថិតក្នុងភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ 

     លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យឱ្យកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ល្បាតត្រួតពិនិត្យរាល់បទល្មើសតាមព្រំដែន ។ លុះមកដល់វេលាម៉ោង០២និង៤៥នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលប៉ុស្តិ៍ស្ពានម៉ាឡៃចំនួន០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងយោធាវរសេនាតូចលេខ៥១៣ចំនួន០២នាក់បានទប់ស្កាត់ប្រជាពលរដ្ឋប្រុសស្រី សរុបចំនួន៣៩នាក់ ក្នុងនោះមានស្រី១៨នាក់ កុមារ០២នាក់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃនៅត្រង់ចំណុចគោលដៅដំបូកវិល ស្ថិតក្នុងភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ យកមកសួរនាំ ។

លោកមេបញ្ជាការបានបញ្ជាក់ថា៖ប្រជាពលរដ្ឋទាំង៣៤នាក់នោះ មកពី០៦ខេត្ត មាន៖ ១-ខេត្តតាកែវ០៤នាក់, ២-ខេត្តកំពង់ធំ ១៧នាក់, ៣-ខេត្តបាត់ដំបង​ ១១នាក់, ៤-ខេត្តបន្ទាយមានជ័យ០៥នាក់, ៥-ខេត្តពោធិ៍សាត់០១នាក់, ៦-ខេត្តប៉ៃលិន០១នាក់ ។ ប្រជាពលរដ្ឋទាំងនេះ បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីមានវិធានការអនុវត្តបន្ដ ៕ 

ដោយ ៖ វណ្ណា


ចែករំលែក៖