ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិបានប្រកាសពីពេលវេលាថ្មីដែលចំនួនប្រជាជនឥណ្ឌាលើសប្រទេសចិន

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ព័ត៌មានពីអង្គការសហប្រជាជាតិនៅថ្ងៃទី២៤ ខែមេសា ខណៈដែលឥណ្ឌាគ្រោងនឹងវ៉ាដាច់ប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ពេលដែលចំនួនប្រជាជនរបស់ខ្លួនឈានដល់ជិត ១,៤៣ ពាន់លាននាក់។

ទីភ្នាក់ងារកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UN DESA) បាននិយាយថា “នៅចុងខែនេះ(ខែមេសា) ចំនួនប្រជាជនឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 1,425,775,850 នាក់ ស្មើនឹងប្រទេសចិន ហើយបន្ទាប់មកលើសពីប្រទេសចិនដីគោក” ។

ខណៈដែលចំនួនប្រជាជនឥណ្ឌាកំពុងកើនឡើងយ៉ាងឆាប់រហ័សនោះ ប្រជាជនចិនបន្ទាប់ពីបានឈានដល់ 1.426 ពាន់លាននាក់កាលពីឆ្នាំមុន គឺស្ថិតនៅលើផ្លូវធ្លាក់ចុះ។
ចាត់ទុកជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ចាប់តាំងពីការដួលរលំនៃចក្រភពរ៉ូមក្នុងសតវត្សទី 5 នៃគ.ស.មក ប្រជាជនចិនត្រូវបានគេរំពឹងថានឹងធ្លាក់ចុះជាលំដាប់មកនៅត្រឹមប្រហែលមួយពាន់លាននាក់នៅចុងសតវត្សនេះ ដូចដែលបានព្យាករណ៍ដោយអង្គការសហប្រជាជាតិ។
ទិន្នន័យប្រជាជនចិនដីគោកមិនរាប់បញ្ចូលតៃវ៉ាន់ ហុងកុង និងម៉ាកាវទេ។
ជាមួយគ្នានេះអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ចំនួនប្រជាជនឥណ្ឌានឹង “ស្ទើរតែប្រាកដ” បន្តកើនឡើងក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។
ការព្យាករណ៍ជាមធ្យមរបស់អង្គការសហប្រជាជាតិបង្ហាញថា ឥណ្ឌានឹងឈានដល់ 1.5 ពាន់លាននាក់នៅពាក់កណ្តាលសតវត្ស បើទោះបីជាមន្ត្រីបានសង្កត់ធ្ងន់ថាចំនួននេះគឺប្រហាក់ប្រហែល ហើយតួលេខជាក់ស្តែងអាចទាបជាងឬខ្ពស់ជាងច្រើន។
ការថយចុះចំនួនប្រជាជនរបស់ប្រទេសចិនគឺជាលទ្ធផលមួយផ្នែកនៃគោលនយោបាយកូនមួយដ៏តឹងរ៉ឹងសម្រាប់គូស្វាមីភរិយាជាច្រើនទសវត្សរ៍។ គោលនយោបាយនេះបានបញ្ចប់នៅឆ្នាំ 2016 ។
លើសពីនេះ ការថយចុះអត្រាកំណើតក្នុងប្រទេសនេះ ក៏បណ្តាលមកពីការកើនឡើងនៃតម្លៃរស់នៅ និងការកើនឡើងនៃចំនួនស្ត្រីជនជាតិចិនដែលចូលមកក្នុងកម្លាំងពលកម្ម និងការបន្តការសិក្សារបស់ពួកគេ។
កាលពីឆ្នាំមុន អត្រាមានកូនរបស់ប្រទេសចិនបានធ្លាក់ចុះមកនៅកម្រិតទាបបំផុតមួយក្នុងពិភពលោក ដោយមានស្ត្រីម្នាក់កើតបាន ១,២នាក់។ សម្រាប់ប្រទេសឥណ្ឌា ដែលចំណាយពេលយូរជាងប្រទេសចិន ដើម្បីគ្រប់គ្រងកំណើនប្រជាជន អត្រានៃការមានកូនបច្ចុប្បន្នគឺ 2.0 កំណើតសម្រាប់ស្ត្រី៕ ដោយ៖ ធីរីណា

រូបថត៖ AFP


ចែករំលែក៖