ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សង្ស័យផ្តើមចេញពីគំនុំនិងគ្រឿងញៀនបុរសម្នាក់បាញ់បងស្រីថ្លៃនិងបងស្រីជីដូនមួយបណ្ដាលឱ្យស្លាប់ទាំង២នាក់រួចបាញ់ខ្លួនឯងតាមក្រោយតែមិនស្លាប់

ចែករំលែក៖

ខេត្តកំពត៖ ហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៣នេះ ស្ថិតក្នុងភូមិបាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពតបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ រួចឃាតកបានបាញ់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ដោយរងរបួសធ្ងន់ចំទ្រូង។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យចុះដល់កន្លែងកើតហេតុ។ ពេលទៅដល់កម្លាំងជំនាញបានពិនិត្យឃើញថា ជនសង្ស័យឈ្មោះ ឡាយ សំអាត ហៅចែម អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពបាញ់ទៅលើបងថ្លៃនិងបងជីដូនមួយរបស់ខ្លួនដោយប្រើប្រាស់អាវុធម៉ាក RPK (គ្រាប់ AK) ជាច្រើនគ្រាប់ បន្ទាប់មកបានធ្វើអត្តឃាតដោយបាញ់ចំនួន១គ្រាប់ចំដើមទ្រូង (របួសធ្ងន់)។ ក្រោយកើតហេតុសមត្ថកិច្ចបានដឹកតាមរថយន្តសង្គ្រោះយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ដោយឡែក ជនរងគ្រោះទាំងពីរនាក់ទី១- ឈ្មោះ នួន សុខា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (បងជីដូនមួយជន សង្ស័យ) រងរបួស០២គ្រាប់ស្លាប់នៅនឹងកន្លែងកើតហេតុនិងទី២-ឈ្មោះ អៀង ស៊ុន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (បងថ្លៃជនសង្ស័យ) រងរបួសចំនួន២ គ្រាប់ ត្រូវបានស្លាប់នៅពេលដែលរថយន្តសង្គ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ 

បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុដោយសារជនសង្ស័យមានគំនុំខឹងនឹងបងជីដូនមួយនិងបងថ្លៃ ហើយជនសង្ស័យជាមុខសញ្ញាដែលប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សហការី


ចែករំលែក៖