ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​ ចេញសេចក្តីណែនាំ ស្តីពីការការពារសុខភាព និងរក្សាសុវត្ថិភាព អំឡុងពេលទស្សនា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីណែនាំ ស្តីពីការការពារសុខភាព និងរក្សាសុវត្ថិភាព អំឡុងពេលទស្សនា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។

នៅក្នុង​សេចក្ដីណែនាំរបស់ក្រសួង​សុខាភិបាល​ បានបញ្ជាក់ថា៖​ ដើម្បីឱ្យការចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលឆាប់ៗខាងមុខនេះ ប្រកបដោយការទទួលខុសត្រូវចូលរួមរក្សាបានកុំឱ្យមានហានិភ័យសុខភាព ជាពិសេស ការរួមគ្នាអនុវត្ត បញ្ចៀសបាននូវការប្រជ្រៀតគ្នា ឬច្រានគ្នា ដែលអាចឈានដល់មានបញ្ហាដួល ឬដួលសន្លប់ ឬបញ្ហាជាន់គ្នាជាដើម និងដោយ ជានិច្ចកាល មានការយកចិត្តទុកដាក់ខ្ពស់លើសុខភាព និងសុខុមាលភាពប្រជាជនទូទៅរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលស្នេហាវិស័យកីឡា និងអ្នកដែលត្រៀមទៅចូលរួមទស្សនាការប្រកួតកីឡា ខាងលើនេះ ដែលមានជាសង្ខេបដូចខាងក្រោមនេះ៖

*១/ ជំងឺដែលអាចកើតមាន និងត្រូវយកចិត្តទុកដាក់លើការពារជំងឺឆ្លងនានា ៖

ខ្ញុំសូមណែនាំប្រជាពលរដ្ឋទូទៅ ត្រូវចេះរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ដោយចូលរួមការពារទប់ស្កាត់ការចម្លង រោគនានា និងការពារការរាករូស ឬពុលចំណីអាហារ ដោយអនុវត្តវិធានការថែរក្សាអនាម័យស្អាត ធានានូវសុវត្ថិភាព ចំណីអាហារ បរិភោគចំណីអាហារឆ្អិនល្អ និងពិសារទឹកស្អាត ឬទឹកដាំពុះ ជាពិសេស សូមកុំថ្រាន ឬប្រជ្រៀតគ្នា ដើម្បី ទប់ស្កាត់នូវការដួលសន្លប់ ដែលអាចកើតមានជាយថាហេតុ ហើយបើបងប្អូនវិលមុខ ឬស្រវាំងភ្នែក សុំអង្គុយចុះ និង ហៅរកអ្នកជួយសង្គ្រោះ “។

ខ្ញុំសូមក្រើនរំលឹកថា សូមបងប្អូនទាំងអស់ បន្តចូលរួមការពារការចម្លងរោគដូចជា ជំងឺអេដស៍ ផ្តាសាយ រលាកបំពង់ក និងរលាកផ្លូវដង្ហើម ជាពិសេសត្រូវចេះការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ និងវីរុសផ្ដាសាយបក្សីជាដើម ដែល ក្រសួងសុខាភិបាលតែងតែបានចេញផ្សាយជាហូរហែររួចមកហើយ។

ការរាករូស រាកមួល ចុកពោះ ចង្អោរ-ក្អួត ដែលភាគច្រើនបណ្តាលមកពីការបរិភោគចំណីអាហារ ឬការពិសារម្ហូបអាហារ ដែលមិនស្អាត ដោយមានមេរោគ ឬចំណីអាហារដែលមិនមានសុវត្ថិភាពល្អ ឬអាចធ្វើឲ្យពុលចំណីអាហារតែម្ដង ឬដោយសារអាហារ ឬស ឬភេសជ្ជៈណាមួយដែលមានសារជាតិពុល។

អ្នកមានជំងឺឡើងសម្ពាធឈាម ត្រូវប្រុងប្រយ័ត្នផ្ទាល់ខ្លួន កុំនៅកន្លែងចង្អៀត ឬប្រជ្រៀតនៅកន្លែងចង្អៀត កាលណា នៅកន្លែងណែន ឬចង្អៀតពេក អាចធ្វើឲ្យមានការថប់ផង វិលមុខផង គួបផ្សំនឹងចរន្តឈាមយើងរត់មិនស្រួលផង អាច ធ្វើឲ្យសម្ពាធឈាមឡើង ឬអ្នកដែលខ្សោយ ពិសារទឹក ឬអាហារមិនគ្រប់គ្រាន់ ឬអាចមានខ្វះជាតិស្ករ ឬសម្ពាធឈាម ចុះក៏អាចមានដែរ ទាំងអស់នេះក៏អាចធ្វើឲ្យដួលសន្លប់បានដែរ។

*២/វិធានការការពារ និងការប្រុងប្រយ័ត្នកុំឱ្យមានការដួលសន្លប់ ឬផ្អើលរត់ជាន់គ្នា ៖ បរិយាកាសជុំវិញខ្លួនយើង៖ កន្លែងចង្អៀតខ្លាំង ច្រាន ឬប្រជ្រៀតគ្នា នាំឲ្យមានការដួល និងធ្វើឲ្យមានការផ្អើលឆោរ ឡោដោយមិនដឹងថាមានហេតុការណ៍អ្វីផង ក៏នាំគ្នារត់បន្តបន្ទាប់ ដែលធ្វើឲ្យប៉ះគ្នាថែមទៀត ដែលអាចមានការដួល បន្តគ្នា ឬអាចទៅជាស្ថានភាពរត់ជាន់គ្នាផងក៏អាចមាន។

មិនត្រូវប្រមូលផ្ដុំគ្នានៅកន្លែងតែមួយដែលធ្វើឲ្យណែនកកស្ទះ ឬចង្អៀតពេកនោះទេ ដែលបុគ្គលពិបាកធ្វើចលនា ឬពិបាកចល័តខ្លួនផង និងខ្វះខ្យល់អុកស៊ីហ្សែនផង ដែលអាចឲ្យដួលសន្លប់បាន និងអាចទៅជាដួលជាន់គ្នាក៏អាច មានដែរ ជាពិសេស កុំច្រានគ្នាឲ្យសោះ។

បើមានការដួលមិនទាន់សន្លប់ ឬការដួលសន្លប់ សុំកុំនាំគ្នាទៅរោមអ្នកដួលនោះ សុំជួយហៅរកការជួយសង្គ្រោះឲ្យ បានលឿនបំផុត។ ត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ប្រសិនបើមានការប៉ះទង្គិចគ្នាបន្តិចបន្តួច ហើយចៀសវាងនូវការប្រើអំពើហឹង្សាសូមចូលរួមរក្សាសណ្តាប់ធ្នាប់ ប្រជ្រៀតគ្នា និងកុំនៅកន្លែងដែលកកកុញពេក ហើយត្រូវរកកន្លែងឈរឱ្យរៀង ស្រឡះៗ ហើយលៃលកយ៉ាងណាត្រូវឈរឲ្យបានតិចជាង ៥ នាក់ ក្នុង១ម៉ែត្រការ៉េ ដើម្បីសុវត្ថិភាព។ បាញ់បោះ ឬវ៉ៃប្រតប់គ្នា ជាដើម។ 

ត្រូវពិសារទឹកឱ្យបានគ្រប់គ្រាន់ ឱ្យបានលើសពី ២ លីត្រក្នុងមួយថ្ងៃ ហើយចៀសវាងការប្រើប្រាស់ភេសជ្ជៈផ្អែមច្រើនពេក។ ចំពោះគ្រឿងស្រវឹង សូមពិសារដោយការទទួលខុសត្រូវនៅក្នុងកម្រិតតិចតួច និងហាមពិសារគ្រឿងស្រវឹងក្នុងពេល បើកបរ។ សូមចៀសវាងយកសារធាតុមេតាណុលមកលាយធ្វើស្រាស ដែលបង្កឱ្យពុលរហូតដល់ស្លាប់បាត់បង់ជីវិត។

*៣/ការការពារសុខភាព និងការជួយសង្គ្រោះ ពាក់ព័ន្ធបញ្ហាសុខភាព៖

ក្រសួងបានចាត់ចែងឲ្យមានការការពារសុខភាព និងសង្គ្រោះបន្ទាន់ តាមរយៈសេចក្តីជូនដំណឹងលេខ ០៧៤ សខល ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ រូចហើយ ដែលបងប្អូនទាំងអស់ប្រសិនបើមានបញ្ហាសុខភាព អាចស្វែងរកសេវារថយន្ត គិលានសង្គ្រោះ និងការពិនិត្យព្យាបាលនៅតាមទីតាំងដូចបានផ្សព្វផ្សាយរួចហើយនេះ ឬអាចទាក់ទងតាមលេខ ១១៩ សម្រាប់សេវារថយន្តសង្គ្រោះបន្ទាន់ ឬលេខ ០១២ ៩១២ ១២២ ឬ ០១២ ៩៨៨ ១៩៤។ នៅតាមបណ្តាខេត្តដែលមានប្រកួតកីឡាខាងលើដែរនោះ នឹងមានការរៀបចំការការពារសុខភាព និងការជួយ សង្គ្រោះបន្ទាន់ ដោយអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តពាក់ព័ន្ធ ដែលនឹងត្រូវចេញសេចក្តីណែនាំ ដោយឡែក ដោយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តនោះ។

ក្រសួងសុខាភិបាល សង្ឃឹមថា បងប្អូនប្រជាពលររដ្ឋទាំងអស់ នឹងចូលរួមអនុវត្តតាមការណែនាំខាងលើនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមសប្បាយរីករាយមានសុខសុវត្ថិភាពក្នុងការទស្សនាកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខនេះ៕

ដោយ​៖ សហការី​


ចែករំលែក៖