ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការ នគរបាលជាតិ សូមជម្រាបជូនដល់សាធារណជនអំពីលទ្ធផលប្រតិបត្តិការស្វែងរកជនបរទេស ដែលបាន ស្នើសុំអន្តរាគមន៍ តាមរយៈ ទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម (ករណីលេខ ៨០៣)។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលេីនេះ បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការទទួលបានសំណើសុំអន្តរាគមន៍ពីឪពុករបស់ ឈ្មោះ ZHANG TAO ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៣ លិខិតឆ្លងដែនលេខ EC4295159 ដោយផ្តល់ព័ត៌មានថា កូនរបស់ខ្លួនត្រូវបានគេបង្ខាំងក្នុងទីតាំងមួយកន្លែង ក្នុងភូមិសាស្ត ខេត្តកណ្តាល។ ក្រោយទទួលបានសំណើនៅថ្ងៃដដែល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះ ធ្វើការស្រាវជ្រាវដល់ទីតាំងរកឃើញបុរសជនជាតិចិនរូបនេះ កំពុងបម្រើការងារក្នុងក្រុមហ៊ុនមួយ ស្ថិត ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងបានអញ្ជើញទៅស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ។
បន្ទាប់ពីស្តាប់ការបំភ្លឺរបស់សាមីខ្លួន បានឱ្យដឹងថា រូបគេបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងស្វែងរកការងារ និងបានចូលធ្វើ ការក្នុងក្រុមហ៊ុនខាងលើ ជាអ្នកទំនាក់ទំនងអតិថិជន ដោយរូបគេពុំធ្លាប់បានផ្ដល់ព័ត៌មានដល់ក្រុមគ្រួសារ នោះទេ រហូតដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ក្រុមគ្រួសារបានទាក់ទងមក ហើយរូបគេបានប្រាប់អំពីស្ថាន ភាពនៃការរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាដល់ក្រុមគ្រួសារនៅឯប្រទេសចិន។
លុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឪពុករបស់គេបានទាក់ទងមកប្រាប់ថា គាត់បានដាក់ពាក្យប្ដឹងស្នើសុំអន្តរាគមន៍ទៅទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ដោយប្រាប់ថាកូនរបស់ខ្លួនត្រូវបានគេបង្ខាំងក្នុងទីតាំង។ ផ្អែកតាមការបំភ្លឺ និងពិនិត្យ លើស្ថានភាពជាក់ស្ដែង ក្រុមប្រតិបត្តិការពិនិត្យឃើញថា ករណីនេះពុំមែនជាករណីបង្ខាំងដូចទៅនឹង សំណើសុំអន្តរាគមន៍នោះទេ ប៉ុន្តែដោយសេចក្តីបារម្ភពីក្រុមគ្រួសារ ទើបស្នើសុំការអន្តរាគមន៍ដើម្បីឲ្យឈ្មោះ ZHANG TAO បានវិលត្រឡប់ទៅប្រទេសចិនវិញ ដោយសាមីខ្លួនពុំបានដឹង។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនឈ្មោះ ZHANG TAO ទៅមណ្ឌលត្រៀមបណ្ដេញចេញរបស់អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ដោយ៖ សហការី