ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនទទួលបានរថពាសដែកសរុប ១,៥៥០គ្រឿងនិងរថក្រោះ ២៣០គ្រឿងពីលោកខាងលិច

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ប្រមុខអង្គការណាតូ លោក ជេនស៍ ស្តូលធិនបឺគ (Jens Stoltenberg) បាននិយាយថា សម្ព័ន្ធមិត្តនិងដៃគូរបស់ណាតូបានផ្តល់ឱ្យអ៊ុយក្រែននូវរថពាសដែកចំនួន ១,៥៥០គ្រឿង ក៏ដូចជារថក្រោះចំនួន ២៣០គ្រឿង ដើម្បីបង្កើតជាអង្គភាពការពារនិងជួយអ៊ុយក្រែនឱ្យមានសមត្ថភាពដណ្តើមយកទឹកដីពីកងកម្លាំងរុស្ស៊ីមកវិញ។
លោក ស្តូលធិនបឺគ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការផ្តល់ជំនួយនេះគិតចាប់តាំងពីសង្គ្រាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២ តំណាងឲ្យ «ជាង ៩៨ភាគរយនៃយានប្រយុទ្ធដែលបានសន្យាផ្តល់ដល់អ៊ុយក្រែន»។ លោក ស្តូលធិនបឺគ បានគូសបញ្ជាក់ថា «សរុបមក យើងបានហ្វឹកហាត់និងបំពាក់កងពលតូចរថពាសដែកថ្មីចំនួន ៩របស់អ៊ុយក្រែន។ ប្រការនេះនឹងធ្វើឱ្យអ៊ុយក្រែនស្ថិតក្នុងជំហររឹងមាំ ដើម្បីបន្តដណ្តើមយកទឹកដីដែល
រុស្ស៉ីបានកាន់កាប់មកវិញ»។
អ៊ុយក្រែន បាននិងកំពុងបង្កើនការវាយលុកនៅរដូវផ្ការីកក្រោមការរំពឹងទុកខ្ពស់នៃឃ្លាំងអាវុធរថក្រោះនិងសព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់ដែលផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិច រួមជាមួយកងពលតូចដែលទើបរៀបចំថ្មីៗនេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖