ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់​ស្លាប់​ ពេលបញ្ជូនទៅ​សង្រ្គោះ​នៅមន្ទីរខេត្ត​ ក្រោយបើក​ឆាកប្រយុទ្ធគ្នា​ជាមួួភាគីម្ខាងទៀត

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជន​ពីរ​ក្រុម​ បានបើក​ឆាកប្រយុទ្ធគ្នា​នៅកណ្ដាលក្រុងបាត់ដំបង​ ដោយប្រើ​ដុំឥដ្ឋ​គប់​គ្នាទៅវិញទៅមកបង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះមកជួយ​អន្តរគមន៍​ ខណៈ​យុវជនម្នាក់​ បានរងរបួសធ្ងន់​រហូតស្លាប់​ ពេលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរ។ 

ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមេសា នៅ​ចំណុច​ស្ដុ​ប​ច្រមុះជ្រូក ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​។ 

បើ​តាមលោក ពេជ្រ សា​រ៉ែ​ន​ អធិការ​នគរបាលក្រុង​បាត់ដំបង ​បានឱ្យដឹងនៅព្រឹក​ចន្ទ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២៣នេះថា៖​ សព​ជនរងគ្រោះ​​មានឈ្មោះ ទិ​ត្យ សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដំបង​២ ឃុំ​អូរ​ដំបង ស្រុក​សង្កែ ខេត្ត​បាត់ដំបង​​។

លោកអធិការ​ក្រុង​ បន្តថា​ យោងតាម​ការ​បំភ្លឺ​​ពីមិត្តភ័ក្ដ​ជនរងគ្រោះ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ​​ពួក​ខ្លួន​មាន​គ្នា​៩​នាក់​ បាន​ជិះ​ម៉ូតូ​៥​គ្រឿង រីឯ​ភាគី​ម្ខាង​ទៀត​ដែល​ជា​ជនដៃដល់មាន​គ្នា​តែ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​។​ ហើយអំពើ​ហិ​ង្សា​នេះ គឺ​ផ្ដើម​ចេញពី​ការ​ជិះ​ម៉ូតូ​មើល​មុខ​គ្នា រួច​បោះសម្ដី​ឌឺដង​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ឈាន​ដល់​ទាញ​ដុំឥដ្ឋ​គប់​គ្នា​តែ​ម្តង​។

លោក ពេជ្រ សា​រ៉ែ​ន បាន​បន្ថែម​ថា ជន​ម្នាក់​ដែល​ស្លា​ប់ គឺ​ត្រូវ​ភាគី​ម្ខាង​គប់​ចំ​ក​ញ្ចឹ​ង​.​ក​ខាងក្រោយ ដែល​ទំនង​ពេល​កំពុង​ជិះ​ម៉ូតូ​។ ពេល​នេះ កម្លាំង​ជំនាញ​បាន​និង​កំពុង​សួរនាំ​ភាគី​ដែល​ចាញ់ ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ភាគី​ម្ខាង​ទៀត ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖