យ៉ាងហោចណាស់ក៏មានមនុស្ស ៦នាក់ស្លាប់នៅថ្ងៃទី ១ខែឧសភា ដោយសារតែព្យុះខ្យាច់ទ្រង់ទ្រាយធំនៅក្នុងរដ្ឋ llinois អាមេរិក។ រថយន្តប្រមាណជិត១០០គ្រឿងបុកបន្តកន្ទុយគ្នានៅលើដងផ្លូវល្បឿនលឿនដោយសារតែមើលផ្លូវមិនឃើញ។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា កាលពីថ្ងៃទី១ខែឧសភា ព្យុះធូលីដីខ្យាច់ដ៏ខ្លាំងបានបោកបក់លើផ្លូវហាយវេមួយខ្សែ នៅរដ្ឋអ៉ីលីណយ (Illinois) នៃសហរដ្ឋអាមេរិក ហើយបង្កឱ្យរថយន្តរាប់សិបគ្រឿងបុកគ្នាជាបន្តបន្ទាប់ ជាហេតុនាំឱ្យមនុស្សយ៉ាងហោចណាស់ចំនួន៦នាក់បានបាត់បង់ជីវិត និងរបួសប្រហែលជាង៣០នាក់ផ្សេងទៀត។
ប៉ូលិសរដ្ឋ Illinois បានឱ្យដឹងថា រថយន្តដឹកអ្នកដំណើរចន្លោះ៤០-៦០គ្រឿង និងរថយន្តប្រភេទពាណិជ្ជកម្មប្រហែល៤០គ្រឿង ដែលក្នុងនោះរួមមានទាំងរថយន្តដឹកកុងតឺន័រជាច្រើនគ្រឿងបានប៉ះទង្គិចគ្នាក្នុងហេតុការណ៍ខាងលើ ដែលបានកើតឡើងកាលពីវេលាម៉ោងខ្ទង់១១ៈៈ០០នាទីព្រឹកថ្ងៃចន្ទ នៅលើផ្លូវ អ៉ីនថឺស្ទេត-៥៥ (Interstate-55) ភាគខាងត្បូងរដ្ឋ Illinois។ រថយន្តដឹកទំនិញធំៗចំនួន២គ្រឿងក៏បានឆាបឆេះផងដែរ។
ការបុកគ្នានោះបានកើតនៅសងខាងផ្លូវ Interstate-55 តែម្តង ដែលវាស្ថិតនៅក្បែរក្រុង ហ្វាមើស្វីល (Farmersville) ចម្ងាយខ្ទង់៣២០គីឡូម៉ែត្រពីភាគនិរតីទីក្រុងឈីកាហ្គោ (Chicago)។ មនុស្សច្រើនជាង៣០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដោយមានស្ថានភាពរបួសស្រាលនិងធ្ងន់ ហើយអ្នកទាំងនោះមានអាយុចន្លោះ ចាប់ពី២-៨០ឆ្នាំ។
គួរបញ្ជាក់ថា យោងតាមប៉ូលិសរដ្ឋ Illinois ហេតុការណ៍ខាងលើ ត្រូវបានបង្កឡើងដោយសារតែធូលីដ៏ច្រើនលើសលប់ ដែលបោកបក់ដោយខ្យល់មកពីទីវាលនៅតាមបណ្តោយផ្លូវហាយវេនោះ ជាហេតុនាំឱ្យអ្នកបើកបររថយន្តពុំអាចមើលផ្លូវឃើញច្បាស់។ កំណាត់ផ្លូវប្រវែងជិត៣០គីឡូម៉ែត្រនៃហាយវេ Interstate-55 ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង សម្រាប់ការធ្វើដំណើរទាំងពីរទិសដៅ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA