ខេត្តកំពង់ធំ ៖ នាព្រឹកព្រលឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា បានចាកចេញពីវត្តឥន្រ្ទីសំវរៈ ខេត្តកំពង់ធំ បន្តឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីចូលក្នុងពហុកីឡដ្ឋានមរតកតេជោ ក្នុងបើកកម្មវិធីសម្ពាធជាផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា នេះត្រូវបានដឹកនាំដោយ លោក នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍បេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងមានការចូលរួមអបអរសាទរដោយប្រជាពលរដ្ឋនៅតាមដងផ្លូវ សាទរយ៉ាងសប្បាយ។
សូមបញ្ជាក់ថា, ពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម នឹងត្រូវរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។
SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។
ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប ៕
ដោយ ៖ សហការី