ខេត្តស្ទឹងត្រែង ៖ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» ដែលបានរៀបចំ និងសហការរវាងក្រសួងបរិស្ថានជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងសហការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោកនេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ចៅ មុន្នីរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ដៃគូសង្គមស៊ីវិល មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ ប្អូនៗអ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំបុគ្គលិកវីតាល់ និងប្រជាពលរដ្ឋជាង៤០០នាក់។
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងស្របទៅនឹងខួបលើកទី៣១ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ជាមួយគោលបំណងក្នុងការបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋនិងសហគមន៍ឱ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងរួមគ្នារក្សាការពារនិងអភិវឌ្ឍមេត្រីបរិស្ថាន។ បន្ថែមពីនេះ ២០២៣ ជាឆ្នាំដ៏សំខាន់សម្រាប់ការប្តេជ្ញាចិត្តរបស់ប្រជាជាតិនានាក្នុងការចូលរួមអភិរក្ស និងស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី និងការប្រឆាំងនឹងវិបត្តិអាកាសធាតុ និងបង្កើនសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក និងជីវៈចម្រុះ។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ បានមានប្រសាសន៍ថា «ភពផែនដី និងប្រព័ន្ធអេកូឡូស៊ី បានផ្តល់អ្វីៗទាំងអស់សម្រាប់គាំទ្រដល់ភាវរស់នៅលើភពផែនដី ក្នុងនោះមានមនុស្សជាតិផងដែរ។ ស្បៀងអាហារ ទឹកសម្រាប់ពិសា និងខ្យល់ដកដង្ហើមដែលមនុស្សកំពុងត្រូវការ បានមកពីផែនដី។ ប្រព័ន្ធអេកូឡូស៊ីផែនដីបច្ចុប្បន្នប្រឈមនឹងភាពរិចរឹលដោយសារតែតម្រូវការ ការដកហូត និងប្រើប្រាស់ហួសប្រមាណ និងកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ។ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាភពផែនដី និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ដូចជាការថែរក្សាអភិរក្សព្រៃឈើ ការដាំស្តារព្រៃឡើងវិញ ការសន្សំសំចៃថាមពល ការសន្សំសំចៃការប្រើប្រាស់ទឹក និងកុំខ្ជះខ្ជាយម្ហូបអាហារ ដើម្បីធានាសន្តិសុខស្បៀង និងមានទឹកគ្រប់គ្រា់នដើម្បីប្រើប្រាស់ និងមានខ្យល់បរិសុទ្ធ។ ធម្មជាតិអាចរីកលូតលាស់ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅបានឡើយ បើគ្មានធម្មជាតិ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការឧបត្ថម្ភគាំទ្ររបស់ វីតាល់ ជាមួយសកម្មភាពនានារបស់ក្រសួងបរិស្ថានជាដរាប។
លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថា ប្រធានបទឆ្នាំនេះ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយ និងការក្រើនរំលឹកសារទៅកាន់ពិភពលោក ពីការស្តារប្រព័ន្ធអេកូឡូស៊ីដែលត្រូវបានរំខាន និងដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក រហោរស្ថានកម្ម និងជីវៈចម្រុះ។ ដូចនេះហើយបានជាព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បាននិងកំពុងបំពេញបេសកម្ម ដឹកនាំ និងគ្រប់គ្រង ការងារកិច្ចគាំពារបរិស្ថាន ការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិទាំង៧៦កន្លែង និងមុខងារប្រព័ន្ធអេកូឡូស៊ីសំដៅធានា៖
១- សេវាកម្មផ្តល់៖ ប្រភពអាហារ ទឹកប្រើប្រាស់ ឈើប្រើប្រាស់ ឧសថ និងថាមពលប្រើប្រាស់
២-សេវាកម្មធ្វើនិយ័តកម្ម៖ ធ្វើនិយ័តកម្មធាតុអាកាស ខ្សែសង្វាក់អាហារ និងនិយ័តកម្មបន្សុតទឹក
៣-សេវាកម្មវប្បធម៌៖ តំបន់មានសោភ័ណភាព តំបន់អបិយ៍ជំនឿ កន្លែងសិក្សាអប់រំ ស្រាវជ្រាវ និងតំបន់កម្សាន្ត
៤-សេវាកម្មគាំទ្រ៖ ផលិតសារជាតិចិញ្ចឹម បង្កើតសារធាតុចិញ្ចឹម បង្កើតជីជាតិដី និងផលិតកម្មបឋម។
ដោយឡែក លោក ចៅ មុន្នីរ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តស្ទឹងត្រែង បានថ្លែងឱ្យដឹងថា «ខេត្តស្ទឹងត្រែងពិតជាមានកិត្តិយសដែលបានថ្នាក់ជាតិជ្រើសរើសសម្រាប់ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា យ៉ាងអធិកអធម និងពោរពេញដោយអត្ថន័យ និងជាចំណែកនៃការចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងខេត្តបានយល់ដឹង ពីសារៈសំខាន់របស់ពួកគាត់ក្នុងការចូលរួមទប់ស្កាត់ការផ្លាស់ប្តូរភាពអវិជ្ជមានចំពោះបញ្ហាបរិស្ថាន និងរួមគ្នាដើម្បីមេត្រីភាពបរិស្ថាន។ លោកបានបន្តឱ្យដឹងទៀតថា ជាមួយនឹងសកម្មភាពនេះ រដ្ឋបាលខេត្ត សូមលើកទឹកចិត្តដល់មន្ទីរអង្គភាពជុំវិញខេត្ត សូមបន្តនាំការផ្សព្វផ្សាយចំណេះដឹងពីការថែរក្សាបរិស្ថានជូនដល់អង្គភាព ដៃគូពាក់ព័ន្ធនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់បន្តទៀត។
ជាមួយគ្នានេះដែរ លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានលើកឡើងថា « វីតាល់ ក្នុងនាមជាវិស័យឯកជន ពិតជាមានសេចក្តីរីករាយ ដោយកត់សម្គាល់ឃើញថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ពីមួយឆ្នាំទីមួយឆ្នាំកាន់តែទទួលបានការចាប់អារម្មណ៍ និងការចូលរួមពីបុគ្គល និងដៃគូសំខាន់ៗ ដែលបានចូលរួមផ្តល់ការគាំទ្រ និងអនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុងការកំណត់អាទិភាពការងារ ក៏ដូចជាកំណត់នូវវិធានការសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ ដែលនេះជាកាតព្វកិច្ចយើងទាំងអស់គ្នា សម្រាប់មាតុភូមិមួយនេះ។
គួររម្លឹកឱ្យដឹងថា «ទិវាបរិស្ថានពិភពលោក» ត្រូវបានបង្កើតដោយមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៧២ ដើម្បីប្រារព្ធពិធីបើកនៃសន្និសីទស្ដុកខូម ស្តីពី “បរិស្ថាន មនុស្សជាតិ»។ សេចក្តីសម្រេចមួយផ្សេងទៀត ដែលបាន អនុម័តដោយមហាសន្និបាតថ្ងៃដដែលនោះ គឺការបង្កើត «កម្មវិធីបរិស្ថានសហប្រជាជាតិ» ដែលហៅកាត់ថា «UNEP»។ «ទិវាបរិស្ថានពិភពលោក»នេះ ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ហើយក៏ជាយន្តការមួយដែលអង្គការសហប្រជាជាតិប្រើប្រាស់ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថានទូទាំងពិភពលោក និងការបង្កើនការយកចិត្តទុកដាក់ផ្នែកនយោបាយ។ ជារៀង រាល់ឆ្នាំទិវាបរិស្ថានពិភពលោក គឺជាវេទិកាដ៏មានឥទ្ធិពលមួយក្នុងការពន្លឿនពង្រីកនិងចូលរួមជាមួយប្រជាជនសហ គមន៍ និងរដ្ឋាភិបាលនៅជុំវិញពិភពលោកដើម្បីចាត់វិធានការលើបញ្ហាបរិស្ថានសំខាន់ៗដែលកំពុងប្រឈមនឹងភព ផែនដី។
ដើម្បីចូលរួមក្នុងចលនាពិភពលោក រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចកំណត់យក ថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈ អនុក្រឹត្យ លេខ១៥អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦។ ជាមួយនឹងសេចក្តី អនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក។ ចាប់តាំងពីពេលបង្កើតទិវានេះមក យុទ្ធនាការបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស គ្រប់រាជធានី-ខេត្ត ហើយព្រឹត្តិការណ៍ធំថ្នាក់ជាតិនេះ ក៏ត្រូវបានរៀបចំឡើង នៅតាមទីតាំងផ្សេងៗគ្នាទូទាំងប្រទេស ដោយបានសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់៕
ដោយ៖ សូរិយា