ខេត្តកោះកុង ៖ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន មន្ត្រីជំនាញ គួរមានវិធានការតឹងតែង ចំពោះការទន្ទ្រានយកដីព្រៃកោងកាង។
សូមបញ្ជាក់ថា, ព្រៃកោងកាង ជាធនធានធម្មជាតិ និងសក្តានុពល លើវិស័យទេសចរណ៍ ជម្រកសត្វ ត្រី ប្រមូលផ្តុំដោយជីវចម្រុះ ត្រូវបានថែរក្សា ការពារ អភិរក្ស ដោយយោគចិត្តទុកដាក់បំផុត។ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបំពេញកាតព្វកិច្ចការពារអភិរក្ស។
ផ្ទុយទៅវិញ ព្រៃកោងកាង ខេត្តកោះកុង ត្រូវបានក្រុមឆក់ឱកាស ក្រុមមានអំណាចតួនាទី បំផ្លិចបំផ្លាញចោលយ៉ាងរង្គាល ដើម្បីវាទទីយកដីធ្វើជាកម្មសិទ្ឋិរបស់ខ្លួនយ៉ាងតក់ក្រហល់….ស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងធ្វើជាភ្លេចខ្លួន និងសង្ស័យសំងំចាំទទួលលាភសក្ការៈក្រោមតុបន្តិចបន្តួច ជាការយោគយល់គ្នា បិទភ្នែក ដឹងតែធ្វើមិនដឹង សំខាន់គិតពីផលប្រយោជន៍បុគ្គលច្រើនជាងលើកតម្កល់ផលប្រយោជន៍ជាតិជាធំ។
ជាក់ស្ដែងត្រូវបានគេរាយការណ៍មកថា, មានសកម្មភាពល្មើសទាំងនោះមាននៅ ទីតាំងទី១-ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដែលមានមន្ត្រីទាហានជើងទឹកម្នាក់ ជាអ្នកចេញមុខចំណាយលើសកម្មភាព ឈូសទន្ទ្រាននេះ ។
ទីតាំងទី២-ស្ថិតនៅចំណុចភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានមន្ត្រីល្បីឈ្មោះម្នាក់នៅក្នុងស្រុកស្រែអំបិលជាអ្នកចេញមុខការពារ ។ ក្រៅពីនេះ ក៏នៅមានទីតាំងផ្សេងទៀតជាច្រើន ដែលកំពុងរងការកាប់បំផ្លាញ និងឈូសឆាយដើម្បីរំលោភយកដី ។
ពាក់ព័ន្ធក្នុងករណីនេះ លោកចៅសង្កាត់រងទី១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានប្រាប់សារព័ត៌មាន ថា ទីតាំងដែលកំពុងធ្វើសកម្មភាពឈូសឆាយប៉ះពាល់ដល់ចំណីព្រែក និងព្រៃកោងកាងខាងលើ គឺជាទីតាំងដី ដែលគ្រប់គ្រងដោយទាហានជើងទឹកម្នាក់ឈ្មោះសំ វីរៈ ហើយការឈូសឆាយក៏មិនបានសុំច្បាប់អាជ្ញាធរដែរ ។
លោកចៅសង្កាត់រងបញ្ជាក់ទៀតថា ពេលនេះ អាជ្ញាធរសង្កាត់បានចុះឃាត់អោយផ្អាកសកម្មភាព ឈូសឆាយខាងលើនេះហើយ និងរង់ចាំអោយសាម៉ីខ្លួនយកឯកសារផ្លូវច្បាប់ជាក់លាក់មកបង្ហាញ អាជ្ញាធរមូលដ្ឋានត្រឹមត្រូវសិន ។
ទោះជាយ៉ាងណា ចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន ទៅលើមន្ត្រីមានអំណាចធំបែបនេះ ហាក់ដូចជាមិនសូវមានប្រសិទ្ធិភាពនោះទេ ។
បើទោះជាមានចៅសង្កាត់រង បកស្រាយយ៉ាងនេះក៏ដោយ គេទទួលស្គាល់ថា, មិនមែននាយទាហានឈ្មោះ សំ វីរៈ មានអំណាចឥទ្ធិពល ធំជាងអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធនោះឡើយ ។ ប្រសិនបើអំពើនេះជាករណីទន្ទ្រានបំផ្លិចបំផ្លាញព្រៃកោកាង ជាបទល្មើសព្រហ្មទណ្ឌ និងជាបទឧក្រិដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានសិទ្ធិអំណាច បង្ក្រាប ឃាត់ខ្លួន ចាប់យកវត្ថុតាង ដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នង នៃសកម្មភាពនេះ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ប៉ុន្តែអ្វីដែលគេកំពុងតែដាក់ភាពសង្ស័យនោះ បើគ្មានអ្នកបើកដៃ ក៏គ្មានអំពើបំផ្លិចបំផ្លាញព្រៃកោងកាង ដែលជាធនធានធម្មជាតិដ៏មានតម្លៃនេះ បានជាដាច់ខាត ។ ដូច្នេះសូមអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន មន្ត្រីជំនាញ ពាក់ព័ន្ធ ចូលរួមចាត់វិធានការ តាមតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារធនធានធម្មជាតិដ៏កម្រ និងអភិរក្ស ជាវិស័យទេសចរណ៍ អេកូជីវៈចម្រុះ របស់កម្ពុជា៕
ដោយ ៖ សហការី