ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃចន្ទទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្ម បន្ទាប់ពីចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបានចំនួន ២នាក់ យកមកសាកសួរបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩៖០៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុន វណ្ណារដ្ឋ អនុប្រធានាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមបណ្តោយផ្លូវ លេខ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះជាជនជាតិវៀតណាមចំនួន០២នាក់ ដែលកំពុងដេីរតែមិនបានសម្រេច (ត្រូវជនរងគ្រោះទាញយកមកវិញបណ្តាលឲ្យដួល)។
ភ្លាមនោះកម្លាំងជំនាញ ការិយាល័យបានសហការជាមួយបុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចផ្លូវលេខ២៩៤កែងផ្លូវលេខ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងនោះដកហូតបាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ក្រហម។
ក្រោយឆក់មិនបានសម្រេច កម្លាំងនគរបាលជំនាញបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធីផងដែរ។ បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ៖សហការី