ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយព្រមានប្ដឹងទៅលើម្ចាស់ទំព័រហ្វេសប៊ុកមួយដែលបានផ្សាយព័ត៌មានមិនពិតធ្វើឱ្យមានការជេរប្រមាថលើរូបនាង ជាពិសេសគឺធ្វើឱ្យមានការយល់ច្រឡំរវាងរូបនាង និងវណ្ណដា រួមទាំងអ្នកសិល្បៈដូចគ្នា។
នាងថាដើមឡើយប្អូនប្រុសរបស់អ្នកនាង ខាត់ សុឃីម បានបញ្ចេញយោបល់អំពីចំណុចខ្វះខាតខ្លះរបស់វណ្ណដា ប៉ុន្តែត្រូវបានគេយកទៅផ្សាយដោយទាញភ្ជាប់ជាមួយអ្នកនាងហើយអ្នកលេងបណ្តាញសង្គម និងម្ចាស់គណនីយហ្វេសប៊ុក ខ្លះបានទាញភ្ជាប់ថាបានដៀមដាមឌឺដងជាមួយនឹងវណ្ណដា។
ម្ចាស់បទ «អូនលែងប្ដីហើយ» អ្នកនាង ខាត់ សុឃីម ក៏បានសំណូមពរឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបញ្ចេញមតិដោយពិចារណា និងមានហេតុផល កុំតែស្ករតាមគ្នាវែកញែកទាំងមិនបានដឹងរឿងច្បាស់ ។
ខាត់ សុឃីម ថាអ្នកនាង និងតារារ៉េបវ័យក្មេងលោក វណ្ណដា និងលោក ជី ដេវីត ព្រមទាំងសិល្បករសិល្បការិនីដទៃទៀតរាប់អានគ្នាជាធម្មតាមិនដែលមានទំនាស់អ្វីឡើយ តែការចុះផ្សាយរឿងមិនពិតបានធ្វើឱ្យមិត្តភាពរបស់អ្នកនាងមើលមុខគ្នាមិនចំ និងបានធ្វើឱ្យមហាជនជេរប្រមាថដល់រូបនាង និងក្រុមគ្រួសារទៀតផង ។ អ្នកនាងបានលើកឡើងថា «សូមម្ចាស់ Page មួយនេះ លុបព័ត៌មានប្រឌិតជាបន្ទាន់ បើមិនដូច្នោះខ្ញុំនឹងប្តឹង ហើយស្វែងរកម្ចាស់Page ទាល់តែឃើញ ខ្ញុំមិនបាននិយាយ រឺប៉ះពាល់ អ្នកសិល្បៈរូបណាទេ ជាពិសេសសិស្សប្អូនរបស់ខ្ញុំ ខ្ញុំតែងតែគោរពនឹងអោយតម្លៃសិល្បករសិល្បការិនីគ្រប់រូប សូមកុំយកមកបូកឡូកឡំគ្នាបែបនេះ បើចង់ចុះពីប្អូនខ្ញុំ សូមចុះឱ្យចំ កុំដើម្បីចង់បានផលប្រយោជន៍ទាញរូបខ្ញុំទៅដាក់រឿងស៊ិចស៊ី រឿងផឹក ជក់ សាក់ ជាសិទ្ធិរបស់បុគ្គល ខ្ញុំមិនឈឺក្បាលនោះទេ ឱ្យតែមានអ្នកសិល្បៈជួយឱ្យរីកចំរើន គឺខ្ញុំគាំទ្រទាំងអស់មិនថាបុរាណ ឬសម័យនោះទេ ដូច្នេះសូមម្ចាស់ Page ទាំងឡាយមេត្តា មុនផ្សាយសូម Chat ឬសម្ភាសន៍ខ្ញុំផង» ។
អ្នកនាង ខាត់ សុឃីម ក៏បានសំណូមពរឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបញ្ចេញមតិដោយពិចារណា និងមានហេតុផល កុំតែស្ករតាមគ្នាវែកញែកទាំងមិនបានដឹងរឿងច្បាស់ ។ នាងថា «សូមបងប្អូនខមិនអើយ សូមអ្នកមេត្តាប្រើការពិចារណា និងមានហេតុផលខ្លះផង កុំឱ្យតែគេថា ចង្អុលគោ ថាក្របី ក៏ត្រូវដែរនោះ ខ្ញុំសុំខ្លាចហើយ បណ្ឌិត និង អ្នកមិនចេះខុស» ។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះទំព័រហ្វេសប៊ុកមួយបានផ្សាយព័ត៌មានមួយពាក់ព័ន្ធនឹងប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម ជាមួយតារារ៉េបវ័យក្មេងលោក វណ្ណដា និងបានភ្ជាប់តារាពហុជំនាញរូបនេះជាមួយផងដែរ ហើយព័ត៌មានេះមានការចែករំលែកជាច្រើនជាមួយនឹងពាក្យពេចន៍មិនសមរម្យជេរប្រមាថជាច្រើនលើតារាពហុជំនាញរូបនេះ ទើបធ្វើឲ្យអ្នកនាងចេញប្រតិកម្មខ្លាំងៗបែបនេះ៕
ដោយ ៖ វឌ្ឍនា