ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់ការលើកទឹកចិត្តជាថវិកា ១ ០០០ ០០០ រៀល ជូនដល់ក្មួយស្រី បូ សំណាង

ចែករំលែក៖

ភ្នំពេញ ៖ ផ្ញើជូនដំណឹងដ៏រីករាយជូន កញ្ញា បូ សំណាង កីឡាការិនីអត្តពលកម្មកម្ពុជាក្នុងព្រឹត្តិការណ៏ស៊ីហ្គេមលើកទី ៣២ ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកផ្តល់ការលើកទឹកចិត្តជាថវិកា ១ ០០០ ០០០ រៀល ជូនដល់ក្មួយស្រី ។ ឯកឧត្តម រដ្ឋមន្រ្តី នឹងប្រគល់ថវិកាជូនក្មួយស្រីផ្ទាល់ នៅទីស្តីការក្រសួងព័ត៌មានថ្ងៃស្អែកថ្ងៃពុធទី ១០ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១០ ព្រឹក ។ នេះជាបញ្ជាក់ពី លោក Kem Gunawadh រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបង្ហោះ លើ facebook របស់លោក នៅរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់ពី លោក លី វ៉ាន់ហុង បានចូលរួមជួយ ១លានរៀលផងដែរ។ 

កីឡាការិនី បូ សំណាង ដែលរត់ចម្ងាយ ៥០០០ម៉ែត្រ ទាំងមេឃកំពូលភ្លៀង ផ្គរ ខ្យល់ រងារ ញ័រញាក់ ទោះមិនទទួលបានជ័យជំនះ ប៉ុន្តែនាងបានរត់ដល់គោលដៅ ជាមួយនឹងការសំរក់ទឹកភ្នែកលើកទង់ជាតិកម្ពុជា ។ តាមរយៈរូបភាពសកម្មភាពរបស់នាង ធ្វើឱ្យទស្សនិកជន ក្នុងនិងក្រៅប្រទេស បានបង្ហោះពេញតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កោតសរសើរ ឱ្យតម្លៃ លើកទឹកចិត្ត ចំពោះការខំប្រឹងប្រែងរបស់ បូ សំណាង ព្យាយាមរត់ ដល់គោលដៅ។ កាសែតបរទេស ក៏បានផ្ដិតពីរូបភាពនេះ និងសរសេរ ឱ្យតម្លៃពីការប្រឹងប្រែងរបស់ បូ សំណាង កីឡាការិនីកម្ពុជា រត់ទាំងភ្លៀងកំពុងធ្លាក់ខ្លាំង។ 

ផេក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះយ៉ាងខ្លីថា , «កីឡា គឺលើសពីភាពឈ្នះ និងចាញ់»

កីឡា មិនបានសំដៅទៅលើតែសេចក្តីឈ្នះចាញ់ចំពោះគូរប្រកួតនោះទេ ខ្លឹមសារបំផុតរបស់អត្តពលិក គឺការបង្ហាញឲ្យឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯងចំពោះបញ្ហាដែលកំពុងប្រឈម ស្តែងឲ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ មួយជំហាននៃការខិតខំប្រឹងប្រែង គឺមួយជំហានខិតទៅរកភាពជោគជ័យ។ 

ប្រជាជនកម្ពុជាគ្រប់រូបមានមោទនភាពយ៉ាងក្រៃលែងចំពោះ អត្តពលិក តំណាងដល់កម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងស្វែងរកមេដាយជូនជាតិ ហើយរក្សាបានជូនកម្ពុជានូវចំណាត់ថ្នាក់ទី១ នៃប្រទេសទទួលបានមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាសុីហ្គេមលើកទី៣២ ។ 

យើងនៅទីនេះគាំទ្រអ្នក មិនថាជ័យជំនះ ឫបរាជ័យ។

ដោយ ៖ សិលា


ចែករំលែក៖