ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីប្រគល់គ្រឿងឥស្សរិយយសការពារជាតិចំនួន ៣.៤៤៧ គ្រឿង សម្រាប់បំពាក់ជូនដល់អតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ នឹងបានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនចំនួន១៥០នាក់ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គ លេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ជូនឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អំពីសកម្មភាព និងលទ្ធផលធំៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត កំពង់ធំ សម្រេចបាននារយៈពេលកន្លងមក មានជាអាទិ៍ ការសាងសង់ផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតបានចំនួន៣៨៧ខ្នងផ្ទះ,ការបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនបានចំនួន៦១៩សព,បានចុះសំណេះ សំណាលសាកសួរសុខទុក្ខអតីតយុទ្ធជននៅតាមមូលដ្ឋាន បានចំនួន១.២៩២លើក ស្មើនឹងចំនួនគ្រួសារអតីតយុទ្ធជន៨.៨០៨នាក់ និងបានធ្វើបច្ចុប្បន្នភាពក្រុមគ្រួសារសាច់ញាតិបងប្អូនអតីតយុទ្ធជន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២២ មានចំនួនសរុប២៣.១៨៨នាក់។
លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំមាន ប្រសាសន៍ អំពីការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ រួមគ្នាជាមួយនិងអាជ្ញាធរ ដែនដីនៅគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុក ដាក់បម្រើ និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ។ ជាមួយនោះដែរ អាជ្ញាធរខេត្ត បានរៀបចំបង្កើតឲ្យមានការចងសម្ព័ន្ធមេត្រីភាព រវាងបណ្ដាមន្ទីរ ស្ថាប័នអង្គភាព រដ្ឋបាលក្រុង-ស្រុក ជាមួយបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចចំនួន១៤១គ្រួសារផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការកោត សរសើរចំពោះអភិបាលខេត្ត និងប្រធានគណៈកម្មា ធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ នឹងធ្វើសកម្មភាពបម្រើបងប្អូនអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ ។
នៅក្នុងឱកាសនេះផងដែរនាយឧត្តមសេនីយ៍ គន់ គីម បានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនបងប្អូនអតីតយុទ្ធជន ដែលបានអញ្ជើញមកពីក្រុងស្ទឹងសែន ចំនួន១៥០នាក់ នឹងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពនិងត្រៀម ខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ៕
ដោយ៖ សូរិយា