ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានធ្វើការបង្រ្កាបនិងនាំខ្លួនមនុស្សប្រុសស្រីយ៉ាងតិចចំនួន១៣នាក់ ដើម្បីយកទៅសួរនាំពាក់ព័ន្ធករណីព្រហ្មទណ្ឌ ។
យោងរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់រាយការណ៍ជូនថ្នាក់លើ គឺបាននាំខ្លួនស្រ្តីមុខសញ្ញាបន្លំលួចខ្សែកផ្លាទីនចំនួន០២ខ្សែ និងបន្តោងផ្លាទីនចំនួន០៣គ្រាប់ផងដែររបស់អាជីវករលក់ទិញមាស(ទុយ សុភាព)កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ រួចគេចខ្លួនបាត់រហូតដល់ថ្ងៃឃាត់ខ្លួន ខណៈបង្ហាញខ្លួននៅតាមតូបអាជីវករលក់មាស នៅផ្សារធំថ្មី ភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ហើយប្ដី និងកូនប្រុសស្រីរង់ចាំនៅនៅកន្លែងផ្សេង។ ស្រ្តីជាជនសង្ស័យឈ្មោះ វីន រុន អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបត់គគីរចាស់ ឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជនសង្ស័យបានសារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តមែន។
របាយការណ៍នគរបាលបញ្ជាក់ទៀតថា នៅថ្ងៃដដែលខាងលើ បានបង្រ្កាបក្រុមញៀនល្បែង(បៀ)១ករណីទៀត នៅចំណុចជើងភ្នំបរវង្ស ស្ថិតនៅភូមិបរវង្ស សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៩នាក់ រួមទាំងវត្ថុតាងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់កំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕
ដោយ៖ ប៉ឹម ពិន