ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយចល័តដំឡើងសាច់ដុំ ពេលនេះនាវាផ្ទុកយន្តហោះចិន Shangdong បានចូលចតនៅកំពង់ផែវិញហើយ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា យោធាចិននាថ្ងៃពុធនេះ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំង សានទុង (Shandong) បានវិលត្រឡប់ចូលកំពង់ផែរបស់ខ្លួនវិញហើយ នៅខេត្តហៃណាន (Hainan) កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយការចល័តរយៈពេលប្រមាណជា១ខែ ដែលរួមមានទាំងការធ្វើដំណើរឆ្លងកាត់ក្បែរកោះតៃវ៉ាន់ ដើម្បីចូលរួមសមយុទ្ធ និងការដំឡើងសាច់ដុំនៅឆ្ងាយពីឆ្នេរសមុទ្រប្រទេសចិន រហូតដល់តំបន់ប៉ាស៉ីហ្វិកខាងលិច។
ក្នុងឆ្នាំនេះ នាវាផ្ទុកយន្តហោះចម្បាំង សានទុង ត្រូវបានប្រទះឃើញនៅច្រកសមុទ្រតៃវ៉ាន់, ច្រកសមុទ្របាស៉ី (Bashi) ដែលនៅចន្លោះតៃវ៉ាន់និងហ្វីលីពីន និងនៅក្បែរកោះហ្កាំរបស់សហរដ្ឋអាមេរិក។ កាលពីខែមេសាកន្លងទៅ នាវា សានទុង បានចូលរួមក្នុងសមយុទ្ធយោធាដែលផ្តោតលើការហ្វឹកហាត់វាយប្រហារ ពីសំណាក់ក្រុមយន្តហោះចម្បាំង ដែលហោះចេញពីនាវាផ្ទុកយន្តហោះចម្បាំងទៅលើកោះតៃវ៉ាន់ជាលើកដំបូង។
ការដំឡើងសាច់ដុំយោធារបស់ចិនកើតមានឡើងបន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) បានជួបជាមួយ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី (Kevin McCarthy) ដែលជាទង្វើបានធ្វើឱ្យទីក្រុងប៉េកាំងមានការខឹងសម្បាខ្លាំង ដ្បិតចិនចាត់ទុកជំនួបនោះ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន និងជាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអត្តសញ្ញាណដាច់ដោយឡែករបស់តៃវ៉ាន់ ពីប្រទេសចិន។
នាវាផ្ទុកយន្តហោះចម្បាំង សានទុង ដែលត្រូវបានដាក់ដំណើរការជាផ្លូវការ កាលពីឆ្នាំ២០១៩ ស្ថិតក្នុងចំណោមនាវាផ្ទុកយន្តហោះចម្បាំងចំនួន២របស់ចិនដែលកំពុងធ្វើប្រតិបត្តិការ។ ចិននៅមាននាវាផ្ទុកយន្តហោះចម្បាំងមួយទៀត ឈ្មោះថា ហ្វូជាន (Fujian) ប៉ុន្តែវាកំពុងស្ថិតក្រោមការធ្វើតេស្តសាកល្បងផ្សេងៗនៅឡើយ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ CCTV)


ចែករំលែក៖