ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន! ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម (ករណីលេខ ៧៨០)។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រតិបត្តិការទទួលបានសំណើស្នើសុំអន្តរាគមន៍ពីជនជាតិចិន ឈ្មោះ XU LONG JIE ភេទប្រុស កើតថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៩០ លិខិតឆ្លងដែនលេខ EQ7365071 ដែល សង្ស័យត្រូវបានបង្ខាំង និងគំរាមធ្វើទារុណកម្ម ក្នុងទីតាំងមួយស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។
ក្រោយ ទទួលបានសំណើនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានធ្វើការចុះស្រាវជ្រាវដល់ទីតាំង រកឃើញបុរសជនជាតិចិនរូបនេះកំពុងស្នាក់នៅក្នុងក្រុមហ៊ុនមួយស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងបានអញ្ជើញទៅស្នងការដ្ឋានដើម្បីធ្វើការសាកសួរ។ បន្ទាប់ពី ស្ដាប់ការបំភ្លឺរបស់សាមីខ្លួនបានឱ្យដឹងថា រូបគេចូលមកប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២២ តាមរយៈ ភ្នាក់ងារស្វែងរកការងារ និងបានចូលធ្វើការជាអ្នកជួសជុលកុំព្យូទ័រ អំឡុងពេលធ្វើការនៅក្នុងក្រុមហ៊ុន ខ្លួន ពុំធ្លាប់ត្រូវបានគេបង្ខិតបង្ខំ បិទសិទ្ធិសេរីភាព ឬរងអំពើហិង្សានោះទេ។
រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២៣ សាមីខ្លួនបានដាក់ពាក្យសុំលាឈប់ពីការងារដើម្បីត្រឡប់ទៅប្រទេសកំណើតវិញ ប៉ុន្តែដោយស្ថានភាព ក្រុមហ៊ុនខ្វះបុគ្គលិកទើបអ្នកគ្រប់គ្រងស្នើសុំឲ្យរង់ចាំមួយរយៈសិន ដោយសារមិនអាចរង់ចាំបាន រូបគ បានបន្តស្នើសុំទៅទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ដោយប្រឌិតថាខ្លួនត្រូវបានបង្ខាំងក្នុងទីតាំង និង គំរាមធ្វើទារុណកម្ម។
ផ្អែកតាមការបំភ្លឺ និងពិនិត្យលើស្ថានភាពជាក់ស្តែង ក្រុមប្រតិបត្តិការពិនិត្យឃើញថា ករណីនេះពុំមែនជាករណីបង្ខាំង និងគំរាមធ្វើទារុណកម្មដូចអ្វីដែលសាមីខ្លួនបានស្នើសុំអន្តរាគមន៍នោះទ ផ្ទុយទៅវិញរូបគេគ្រាន់តែចង់ឈប់ពីការងារភ្លាមៗតែប៉ុណ្ណោះ។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនឈ្មោះ XU LONG JIE ទៅមណ្ឌលត្រៀមបណ្តេញចេញរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ដោយ៖សហការី