ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខផ្សារថៃព្រួតគ្នាយកដំបងវាយពលករខ្មែរ៣នាក់ប៉ងសម្លាប់ចោល គ្រាន់តែរឿងសំរាម

ខេត្តបាត់ដំបង៖ ពលករខ្មែរ៣នាក់ប្តីប្រពន្ធនិងប្អូនថ្លៃប្រុស រងការព្រួតវាយប៉ងសម្លាប់ពីសំណាក់សន្តិសុខផ្សារថៃបណ្តាលសន្លប់បាត់ស្មារតីរងរបួសយ៉ាងធ្ងន់ នៅក្នុងដីថៃ ត្រង់ចំណុចផ្សារបានឡែម ឃុំបានឡែម ស្រុកប៉ូងណាំរ៉ន ខេត្តច័ន្ទបុរី ឈម និង ច្រកអន្តរជាតិ ដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីវេលាម៉ោង៦ និង៣០ នាទីយប់ ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៦ ។

បញ្ហានោះត្រូវគេនិយាយថា គ្រាន់តែរឿងបោះចោលសំរាមនៅពេលពលករខ្មែររងគ្រោះកំពុងទទួលទាន អាហារ នៅក្នុងផ្សារថៃប៉ុណ្ណោះ។ជនរងគ្រោះទាំង៣នាក់មាន២នាក់រងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងបួសមធ្យមបន្ទាប់មកត្រូវបានគេដឹកចូលមកដីខ្មែរ ដើម្បីបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យស្រុកកំរៀង ក្រោយពីសង្កេតឃើញជនរងគ្រោះមានស្ថានភាពធ្ងន់ ក៏ត្រូវបានគ្រូពេទ្យដឹកតាមរថយន្តសាមុយ បញ្ជូនមកសង្រ្គោះជីវិតបន្តនៅមន្ទីរពេទ្យ បង្អែក ស្រុកសំពៅលូន ។ ជនរងគ្រោះរងរបួសធ្ងន់២នាក់ មកដល់វេលាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវបានគ្រូពេទ្យជួយសង្រ្គោះជីវិតគេចផុតពីសេចក្តីស្លាប់នោះហើយ។

សេចក្តីរាយការណ៍ឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់១,ញ៉ាន ថេត ភេទស្រី អាយុ៣០ឆ្នាំ រងរបួសមធ្យម ២,រឿត សារ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ អ្នកទាំង២នាក់ប្តីប្រពន្ធនិងគ្នា ៣,ជាតិ សុគង់ ភេទ ប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំង៣នាក់រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ពួកគេធ្វើជាកម្មករស៊ីឈ្នួលបេះផ្លែតាង៉ែន ក្នុងខេត្តច័ន្ទបុរី ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះដែលកំពុងដេកសម្រាកព្យាលបាលមុខរបួស នៅមន្ទីរពេទ្យស្រុកសំពៅលូនប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពួកគេបានធ្វើដំណើរពីខេត្ត ច័ន្ទ បុរី ក្នុងគោលបំណងដើម្បីមកវាយប័ណ្ណឆ្លងដែន នៅច្រកអន្តរជាតិដូង។នៅពេលនោះពួកគាត់បានមកដល់ផ្សារថៃខាងលើ ហើយក៏បានទិញស្រាបៀរ និងម្ហូបអាហារមួយចំនួនអង្គុយទទួលទានអាហារទាំងអស់គ្នានៅផ្សារថៃ។ លុះបន្ទាប់មកមានសន្តិសុខផ្សារថៃម្នាក់ មកស្រែកសំឡុត ពួកគាត់និយាយភាសារថៃ ឱ្យប្រមូលសំរាមពីការហូបចុក ទៅបោះចោលក្នុងធុងសំរាម ។

នៅពេលនោះជនរងគ្រោះម្នាក់ដែលត្រូវជាប្អូនថ្លៃក៏បាននិយាយភាសារថៃតបវិញថា ចាំឱ្យស្រីៗជាប្រពន្ធគាត់យកទៅចោលក្នុងធុងសំរាម។ ទន្ទឹមនោះក៏ស្រាប់តែមានការឈ្លោះប្រកែកគ្នា ជាមួយសន្តិសុខថៃ ហើយរុញច្រានដើមទ្រូងគ្នាទៅវិញទៅមក ដោយក្រុមសន្តិសុខផ្សារ ថៃប្រមូលមានគ្នាប្រហែលជាង១០នាក់ កាន់ដំបងគ្រប់ដៃ នាំគ្នាព្រួតវាយជនរងគ្រោះជាប្អូនថ្លៃតែម្តង ។

ឃើញបែបនោះបងថ្លៃ២នាក់ប្តីប្រពន្ធក៏ស្ទុះទៅជួយប្អូនថ្លៃក៏ត្រូវសន្តិសុខផ្សារថៃវាយនិងដំបងសន្ធាប់ទៅលើជនរងគ្រោះទាំង៣នាក់ក្នុងគោលបំណងវាយប៉ងសម្លាប់នៅកន្លែងកើតហេតុខណៈនោះមានពលករខ្មែរមួយចំនួនបានឃើញ ក៏នាំគ្នាស្ទុះទៅឃាត់ចាប់ក្រុមសន្តិសុខផ្សារថៃចេញ ហើយក៏រំដោះជនរងគ្រោះទាំង៣នាក់ ដឹកបញ្ជូនមកដីខ្មែរ ដើម្បីយកមកសង្រ្គោះជីវិត។

ពាក់ព័ន្ធនិងបញ្ហានេះគេមិនទាន់ដឹងសមត្ថកិច្ចខ្មែរ ប្រចាំស្រុកកំរៀង មានចំណាត់ការជាមួយភាគីថៃបែបណានោះទេចំពោះសន្តិសុខផ្សារថៃដែលប្រើកម្លាំងលើកគ្នាមកវាយជនរងគ្រោះ។ប៉ុន្តែករណីនេះគេរំពឹងតិចតួចណាស់សម្រាប់ការរកយត្តិធម៌ជូនជនរងគ្រោះ បើសិនជាសមត្ថកិច្ចនិងអាជ្ញាធរខ្មែរនៅស្រុកកំរៀងគ្មានឆន្ទះជួយពលករខ្មែរនោះ ៕ សំ វិច្ឆិកា

img_2241 img_2242 img_2244 img_2292 img_2294 img_2295 img_2296 img_2297