ភ្នំពេញ៖ បុរសម្នាក់បានតាមស្រឡាញ់នារីម៉ាស្សា ប៉ុន្តែនាងមិនស្រឡាញ់ ក៏បានទិញសាំងយកមកប៉ុនប៉ងដុតសម្លាប់ជាមួយគ្នាបង្កឲ្យមានការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះម៉ាស្សាយីហោ៩៩៩៩ ផ្ទះលេខ៣៧៥ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ហើយករណីនេះត្រូវ កម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងដុតសម្លាប់អ្នកដទៃឲ្យស្លាប់ជាមួយខ្លួននោះផងដែរ ។
ប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យឈ្មោះអៀម រដ្ធា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់កង់បី ស្រុកកំណើតភូមិត្នោតស្វាយ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ប្រភពបន្តថា ជនសង្ស័យ អៀម រដ្ឋា បានស្រឡាញ់នារីម្នាក់ឈ្មោះជា ស្រីមុំ អាយុ២៥ឆ្នាំ មុខរបរបម្រើម៉ាស្សានៅកន្លែងកើតហេតុ ។ នារីម្នាក់នេះ បានមកធ្វើការរយៈពេលជាងពីរខែកន្លងមកហើយ ៗជនសង្ស័យតែងបបួលឈ្មោះជា ស្រីមុំ ឲ្យឈប់ធ្វើនារីម៉ាស្សា ហើយមករស់នៅជាមួយខ្លួន ប៉ុន្តែឈ្មោះជា ស្រីមុំ មិនព្រមទេ ដោយសារមិនស្គាល់សវតាជនសង្ស័យច្បាស់លាស់ ។
ប្រភពបន្តថា លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានមករកឈ្មោះ ជា ស្រីមុំ នៅកន្លែងម៉ាស្សាហើយមានកាន់ថង់មួយដាក់ដបសាំងប្រហែល៣លីត្រ និងកាន់ដែកកេះមួយក្នុងដៃ បំណងមកដុតឈ្មោះជា ស្រីមុំ និងដុតខ្លួនឯងអោយស្លាប់ទាំងពីរនាក់ ពេលឃើញដូច្នោះ ឈ្មោះ ជាស្រីមុំ បានរត់ចូលក្នុងផ្ទះ ហើយជនសង្ស័យបានដេញតាម និងចាក់សាំងដុតក្នុងផ្ទះតែម្តង ប៉ុន្តែត្រូវបានម្ចាស់ផ្ទះ និងអ្នកនៅជាមួយពន្លត់ទាន់ពេល ធ្វើឲ្យរលាកភ្លើងរបួស២នាក់ ។
ក្រោយពេលបង្កហេតុជនសង្ស័យត្រូវបានកម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌពោធិសែនជ័យ ទៅទាន់ហេតុការណ៍ឃាត់ខ្លួនបានភ្លាមៗ ៕ ថាច់ យ៉ាត