ភ្នំពេញៈ រថយន្តសាំយ៉ុង ជែងគ្នាជ្រុលចង្កូតទៅបុកម៉ូតូឆ្លងផ្លូវយ៉ាងពេញទំហឹង អូស ២០ម៉ែត្រ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចកំពង់ចម្លងកោះដាច់ (ខ្ទរ) តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងក្រុម៩ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា លោកតាវ័យចំណាស់ម្នាក់ដែលត្រូវរថយន្តបុកស្លាប់នោះឈ្មោះ សុខ ប៉ូច អាយុ ៧២ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ចំណែកឯម្ចាស់រថយន្តបង្កឈ្មោះ ប៉ា ទិត្យគន្ធា មានទីលំនៅផ្ទះលេខ7E ផ្លូវលេខ៥៩៨ ហៅផ្លូវជាសុផារ៉ា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញលោកតាវ័យចំណាស់ម្នាក់ បើកបរម៉ូតូ មួយគ្រឿង ម៉ាក វ៉េវអេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-1743 ជិះតាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ លោកតាបានបត់ឆ្លងផ្លូវ ស្របពេលនោះ ស្រាប់តែមានរថយន្តបង្ក ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-7946 ដែលមានមនុស្សជិះក្នុងរថយន្តជាង ១០នាក់ បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនវ៉ាប្រជែងជាមួយនឹងរថយន្ត មួយគ្រឿងផ្សេងទៀត មិនប្រយត្ន័ក៏បុកជាមួយម៉ូតូជនរងគ្រោះនដែលកំពុងជិះឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូជនរងគ្រោះគៀបជាប់ខាងក្រោមរថយន្តអូស ២០ម៉ែត្រ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ក្រោយពីកើតហេតុ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានធ្វើការទំនាក់ទំនងទៅការិយាល័យនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ អោយចុះមកវាស់វែង និងនាំយករថយន្តបង្ក និងម៉ូតូយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នសជាក្រោយចំណែកឯសាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះ ៕ ជ្រោយពេជ្រ