ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូនៅមុខផ្សារចូលលក់ដូរត្រូវចោរកាច់សោ.កជិះយកទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានទុកម៉ូតូ នៅមុខផ្សារសែនសុខចូលលក់ដូរដោយពុំបានដាក់ផ្ញើត្រឹមត្រូវហើយត្រូវចោរកាច់សោកជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារសែនសុខ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ ឈាវ សៅវបុិះ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ 2186 យកមកទុកចោលនៅមុខផ្សារដោយចាក់សោកត្រឹមត្រូវ ហើយក៏ចូលទៅបើកតូបលក់ដូរ បានប្រហែលជិតកន្លះម៉ោង ស្រាប់តែមានជនសង្ស័យម្នាក់ដើរចុះឡើងៗ បានធ្វើសកម្មភាពកាច់សោកម៉ូតូជិះចេញទៅ ពេលនោះ ជនរងគ្រោះ ក៏ឃើញបានរត់មកដេញហើយស្រែកថា ចោរៗ ហើយប្រជាពលរដ្ឋនៅជិតនោះបាននាំគ្នាជួយដេញដែរ តែដេញមិនទាន់ ។ ភ្លាមនោះ ក៏មានសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញ និងកម្លាំងអន្តរាគមន៍ខណ្ឌចេញជួយដេញ និងស្ទាក់ចាប់ដែរ តែចាប់មិនបាន ទីបំផុតជនសង្ស័យជិះគេចខ្លួនដោយសុវត្ថិភាពដដែល ។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកបន្ត ៕ តុង សីហា

5 4 3 2 1 6


ចែករំលែក៖