ប៉ោយប៉ែតៈ កម្លាំងការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋានខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនសង្ស័យម្នាក់ជាមេខ្យល់ រួមជាមួយរថយន្តកាមរីមួយគ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនពលករឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ កាលពីវេលាម៉ោង៥និង៣៤នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ឯកអោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនប្រាប់ថា លោករួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបានឃុំអូរបីជាន់ បានទប់ស្កាត់ពលករបម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ បានចំនួន០៣នាក់ ស្រី០២នាក់ ដែលមកពីខេត្តសៀមរាប និងម្ចាស់រថយន្តម្នាក់ ឈ្មោះគង់ យ៉ង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដកហូតរថយន្ត០១គ្រឿង ម៉ាកកាមរី ផលិតក្នុងឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ សៀមរាប 2A.3273 រួមជាមួយទូរសព្ទ័ដៃចំនួន៣គ្រឿង ម៉ាកអាយហ្វូន ពណ៌សចំនួន១គ្រឿង ម៉ាកណូគារ០១គ្រឿង និងម៉ាសាំសុងចំនួន០១គ្រឿង ។
ក្រោយពីទប់ស្កាត់រួចរាល់ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំម្ចាស់រថយន្ត និងពលករមកសាកសួរបំភ្លឺនៅការរិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ឯក អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបញ្ជាក់ថាៈ ជនសង្ស័យក្រោយពីកម្លាំង ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យសាកសួរ និងកសាងសំណុំរឿង គេបានឆ្លើយថា ខ្លួនបានដឹកជញ្ជូនពលករឆ្លងដែនតាមច្រករបៀងទំនប់ដាច់ ជាច្រើនឆ្នាំកន្លងមកហើយ។ បន្ទាប់ពីកសាងសំណុំរឿងរួចរាល់ ជនសង្ស័យរួបនោះបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា
សូមអានបន្ត ៖ ជិះម៉ូតូបោះពួយលឿន បុកពីក្រោយកុតឺន័រឈប់ចត បណ្តាលឲ្យរបួសធ្ងន់