ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបំបែកសំណុំរឿងឃាតកម្មជិត២ឆ្នាំមុនជនសង្ស័យជាឃាតកគឺជាកូនប្រុសបង្កើត ដែលបានខឹងឪពុកផឹកស្រាស្រវឹងយកកាំបិតបម្រុងកាប់ និងចាក់ទៅលើម្តាយរបស់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យបានបំបែកសំណុំរឿងឃាតកម្មទៅលើបុរសម្នាក់នៅស្រុកព្រះនេត្រព្រះជិត២ឆ្នាំមុន ។
ឃាតក ដែលជាជនសង្ស័យត្រូវបានសមត្ថកិច្ចវែកមុខរកឃើញជាកូនប្រុសបង្កើតជនរងគ្រោះ  និងមានការលាក់បាំងពីម្តាយរបស់ជនសង្ស័យ ដោយសារតែជនសង្ស័យជាកូនបានខឹង និងឪពុកផឹកស្រាស្រវឹងបម្រុងយកកាំបិតចាក់ និងកាប់ទៅលើម្តាយរបស់ខ្លួន ដែលត្រូវជាប្រពន្ធជនរងគ្រោះនោះ ។
ជនសង្ស័យមានឈ្មោះឈ្មោះសូ វុធ អាយុ២៩ឆ្នាំ រស់នៅភូមិភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបានរងការចាប់ខ្លួន កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យក៏ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យ នាំយកធ្វើតម្រាប់អំពីសកម្មភាព ដែលរូបគេបានសម្លាប់ឪពុក និងយកសពដឹកតាមគោយន្តក្រវ័ត្នចោលនៅចំណុចព្រៃមួយកន្លែងកណ្តាលវាលស្រែ នៅចម្ងាយពីភូមិ៣០គីឡូម៉ែត្រ ។
ការបង្រ្កាបចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌអំពើឃាតកម្មអាថ៌កំបាំងរយៈពេលជិត២ឆ្នាំមុននោះដោយក្រោមការអនុវត្តតាមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ  ដែលបានចាត់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសហការជាមួយ និងនគរបាលស្រុកព្រះនេត្រព្រះ លោកអធិការវរសេនីយ៍ទោ មាស រិទ្ធី ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ  ធ្វើការស្រាវជ្រាវស៊ើបអង្កេតជាប្រចាំ ទើបកម្លាំងនគរបាលឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ និងធ្វើការឃាត់ខ្លួនតែម្តង ។
បើយោតាមរបាយការណ៍ស៊ើបអង្កេតសំណុំរឿងនេះ របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញថា៖កាលពីវេលាម៉ោង១០យប់ថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៦ មានឈ្មោះនិប អឺត ភេទប្រុសអាយុ៥៥ឆ្នាំ រស់នៅភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះចេញមកពិធីឡើងផ្ទះថ្មីរបស់អ្នកភូមិជាមួយគ្នាដោយផឹកស្រាស្រវឹងហើយមកដល់ផ្ទះឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះអាន តឹក អាយុ៥៧ឆ្នាំ និងកូនប្រុសឈ្មោះសូ វុធ អាយុ២៩ឆ្នាំ  ។
បន្ទាប់ពីពេលនោះមកស្រាប់តែអ្នកភូមិបាត់ជនរងគ្រោះនិប អឺត មិនដឹងទៅណាដោយស្តី្រជាប្រពន្ធជនរងគ្រោះ និងកូនប្រុសអះអាងប្រាប់អ្នកភូមិថាឪពុក និងប្តី របស់ខ្លួនទៅធ្វើការនៅទីក្រុងភ្នំពេញទាំងយប់បាត់ហើយ ។ លុះរំលងរយៈពេលជិតមួយឆ្នាំគឺនៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៧ មានអ្នភូមិម្នាក់បានដើរដាក់អង្គុបរកសត្វកណ្តុរក៏បានប្រទះឃើញគ្រោងឆ្អឹងសាកសពមួយ និងសម្លៀកបំពាក់ជាប់ខ្លួន នៅចំណុចវាលស្រែខាងលិចបឹងខ្លាស្លាប់ ហើយក៏បានរាយការណ៍ទៅអាជ្ញាធរភូមិ  និងសមត្ថកិច្ចពាក់ព័ន្ធចុះមកត្រួតពិនិត្យ ។
របាយការណ៍ដ ដែលបានបង្ហាញឲ្យដឹងទៀតថា៖ក្រោយប្រទះឃើញគ្រោងឆ្អឹងសាកសពនោះហើយ សមត្ថកិច្ចក៏ដូចជាអ្នកភូមិនាំគ្នាសង្ស័យថាជាសាកសពជនរងគ្រោះឈ្មោះនិប អឺត  ដែលអ្នកភូមិចំណាំទៅលើសម្លៀកបំពាក់ជនរងគ្រោះ ។ ប៉ុន្តែ នៅពេលនោះប្រពន្ធជនរងគ្រោះ និងកូនប្រុសបង្កើតជាជនសង្ស័យ ឆ្លើយបដិសេដ្ឋប្រាប់សមត្ថកិច្ច និងអ្នកភូមិថា សាកសពនោះមិនមែនជាប្តី និងឪពុករបស់ខ្លួនឡើយ ។ ទោះបីមានការបដិសេដ្ឋពីសំណាក់ជនសង្ស័យម្តាយ និងកូននោះក៏ដោយ សមត្ថកិច្ចបាន និងបន្តស្រាវជ្រាវស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ ហើយនៅថ្ងៃខាងលើក៏ឈាន់ដល់ការចាប់ខ្លួនជនសង្ស័យជាកូនប្រុស  និងម្តាយ យកមកសាកសួរ ។ នៅចំពោះសមត្ថកិច្ចជនសង្ស័យជាកូនប្រុសឈ្មោះ សូ សាវុធ ក៏បានឆ្លើយសារភាពទទួលកំហុសថារូបគេពិតជាបានសម្លាប់ឪពុករបស់ខ្លួនដោយអចេតនា ដោយសារខឹងឪពុករូបនោះផឹកស្រាស្រវឹងមករឿងម្តាយរបស់ខ្លួនបម្រុងយកកាំបិតកាប់ និងចាក់ម្តាយ ដែលជាប្រពន្ធជនរងគ្រោះ ទើបរូបគេច្រានឪពុកជនធ្លាក់ពីលើផ្ទះបាក់ក ហើយជុង និងកាំបិតចុងស្រួច រហូតដល់ស្លាប់ ។ ក្រោយពីកើតហេតុការណ៍នោះហើយរូបគេក៏យកសពឪពុកទៅចោលកាត់យប់នៅព្រៃមួយកន្លែងកណ្តាលវាលស្រែចម្ងាយពីភូមិ៣០គីឡូម៉ែត្រ ។
ក្រោយពីជនសង្ស័យសារភាពកម្លាំងនគរបាលការិយាល័យជំនាញខេត្ត ក៏បានកសាងសំណុំរឿងជនសង្ស័យជាកូនប្រុសដៃដល់ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ចំណែកម្តាយបង្កើតក៏មានការួមចំណែកពីបទផ្សំគំនិតបិទបាំងមិនរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុន្តែដោយយោងស្ថានភាពស្រ្តីជាម្តាយមានអាការៈជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ស្ថាប័នតុលាការក៏បានយោគយល់បានអនុញ្ញាតឲ្យស្រ្តីជាម្តាយត្រឡប់ទៅផ្ទះវិញ៕ សំ វិច្ឆិកា

ចែករំលែក៖