ខេត្តប៉ៃលិន៖ បុរសម្នាក់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃភ្លាមៗ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកបរថយន្តស៊េរីទំនើបក្នុងល្បឿនលឿនលុះទៅដល់ចំណុចរង្វង់នោះ បានកាច់ចង្កូតគេចកុំឲ្យបុករង្វង់មូល ប៉ុន្តែបែរជាជ្រុលទៅបុកដើមឈើរលើងទាំងឫស ហើយរថយន្តក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង ។
ហេតុកាណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅជិតរង្វង់មូលក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បុរសរងគ្រោះត្រូវបានស្គាល់ឈ្មោះ ណាក់ អាយុជាង២០ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជិះរថយន្តថៃម៉ាក Hilux ពណ៌ខ្មៅ ពាក់ស្លាកលេខ ថៃ ៣០១៥ បើកបរពីត្បូងទៅជើង ។ ក្រោយកើតហេតុ ត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងជារថយន្តប្រទេសថៃ បើកបរក្នុងល្បឿនលឿនពីត្បួងទៅជើង ហើយក៏រេចង្កួចក្រឡាប់ជាច្រើនត្រឡប់ និងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់តែម្តង ៕ ស សារ៉េត