ភ្នំពេញ៖ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ នៅព្រឹកថ្ងៃទី១៨ ខែសីហា បានចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី សំណុំរឿងសូកប៉ាន់សាក្សី។
ការសាកសួរនេះ ធ្វើឡើងដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា លោក ប៉ា ងួនទៀង ពាក់ព័ន្ធនឹងសំណុំរឿងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។
លោក បន្ថែមថា ដីកាកោះនេះជានីតិវិធីរបស់តុលាការ ករណីតុលាការយល់ថាសាក្សីមានប្រយោជន៍ក្នុងសំណុំរឿងនេះ។
មន្ត្រីអាដហុក៤រូបនិងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា៕ ចេស្តា