ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់បានស្លាប់ ២នាក់ទៀត រងរបួសធ្ងន់ ស្រាល បន្ទាប់ពីជិះម៉ូតូបុករបងផ្ទះប្រជាពលរដ្ឋនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាលៈ​ យ៉ាងហោចណាស់មានមនុស្សម្នាក់បាត់បង់ជីវិត​ និង២នាក់ទៀតរងរបួសធ្ងន់ ស្រាល​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុករបងផ្ទះប្រជាពលដ្ឋកាលពីវេលា​ម៉ោង១២​ និង៤០នាទី​ ថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៦​ នៅលើកំណាត់​ផ្លូវជាតិលេខ២១អា​ ស្ថិតក្នុងភូមិលេខ២​ ឃុំស្វាយរលំ​ ស្រុកស្អាង​ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា​ ជនរងគ្រោះជាអ្នកបើក​បរ​ ស្លាប់បាត់បង់ជីវិតនោះឈ្មោះ​ សន សៀងហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ​ ជាងជួសជុលទូរស័ព្ទ​ មានស្រុកកំណើតនៅខេត្តកំពង់ចាម​ បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល ។ ជនរងគ្រោះរងរបួសធ្ងន់នោះឈ្មោះ​ រ៉ន សីុណេត ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង​ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិលេខ៣ ឃុំស្វាយ រលំ ស្រុកស្អាង ។ ជនរងគ្រោះរងរបួសស្រាលឈ្មោះ លីន ភេទស្រី អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ជនងគ្រោះទាំង៣នាក់ជិះម៉ូតូម៉ាក់ហុងដាឌ្រីម​ ធុនសេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០០៨​ ពាក់ស្លាកលខ កណ្តាល 1J-5424​ ។

សាក្សីនិយាយថា​ នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលខ២១អា ក្នុងទិសដៅពីលិចទៅកើត​ ។ លុះដល់ចំណុចកើតហេតុកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋទាំងកំរោល​ បណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួសតែម្តង​ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះដែលងរបួសធ្ងន់ ស្រាលត្រូវបានថយន្តសាមុយស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនេះក្រុងតាខ្មៅ ។ រីឯមធ្យោបាយជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាងដកហូតបណ្តោះអាសន្នទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​ ដើម្បីចាត់ការតាមច្បាប់ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

IMG_0701

IMG_0700

IMG_0699

IMG_0698


ចែករំលែក៖