ព័ត៌មានទាន់ហេតុការណ៍៖

មានការភ្ញាក់ផ្អើលរថយន្តកាមរីកែច្នៃទ្រុង១គ្រឿងដាច់ខ្សែពានផ្ទុះធុងទឹកឆ្លងចរន្តភ្លើងបណ្តាលឲ្យឆេះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តកាមរីកែច្នៃទ្រុង១គ្រឿង ដាច់ខ្សែពានផ្ទុះធុងទឹកឆ្លងចរន្តភ្លើងបណ្តាលឲ្យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលខណៈ ដែលរថយន្តនោះធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១៥៩Cដឹកសាច់ញាតិ ចេញពីស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរសុខទុក្ខបងប្អូនដេកសម្រាកព្យាបាលជម្ងឺក្នុងពេទ្យមិត្តភាព កម្ពុជា -ជប៉ុនស្រុកមង្គលបូរីនោះ ។

ហេតុការណ៍កើឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិរោងគោកណ្តាល ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកនាយប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំចំណោម លោកអនុសេនីយ៍ឯក ហ៊ិន សំអាត ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីពណ៌ស កែច្នៃទ្រុង ខាងលើ ពាក់ស្លាកលេខ៣៤២០ភព២ បានធ្វើដំណើរពីទិសខាងត្បូងទៅជើង ។

លុះមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តមានបញ្ហាចាប់ផ្តើមឆាបឆេះជាណ្តាតភ្លើងចេញពីផ្នែកខាងមុខរថយន្ត ។ នៅពេលនោះ អ្នកជិះលើរថយន្តប្រមាណ៩នាក់ នាំគ្នារត់ចេញស្រែកឲ្យអ្នកភូមិជួយ ។ រថយន្តបន្តឆេះយ៉ាងសន្ធៅ អ្នកភូមិបាននាំគ្នាដកទឹកជះពន្លត់ខណៈនោះស្របពេល ដែលមានភ្លៀងធ្លាក់មកខ្លាំងថែមទៀតទើបភ្លើងបានរលត់ ។ រថយន្តឆេះអស់ផ្នែកខាងមុខទាំងស្រុង អគ្គិសភ័យនោះមិនបង្កប៉ះពាល់រងគ្រោះដល់អ្នកធ្វើដំណើរនោះឡើយ ។

លោកនាយប៉ុស្ថិ៍ប្រាប់ឲ្យដឹងទៀតថា អ្នកបើករថយន្តមានឈ្មោះ មក់ ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រាប់សមត្ថកិច្ច មូលហេតុរថយន្តនោះដាច់ខ្សែពាន បង្កឲ្យផ្ទុះធុងទឹកហើយហ៊ុយផ្សែងឆ្លងចរន្តជាអគ្គិសភ័យតែម្តង ៕ សំ វិច្ឆិកា


ចែករំលែក៖