ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី សមាជិក រដ្ឋសភានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថាការចូលរួមរបស់យុវជនដោយគ្មានការពិចារណា ត្រឹមត្រូវនោះនឹងធ្វើឱ្យសង្គមជាតិមានភាពចលាចលហើយបង្កភាពរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។
ថ្លែងក្នុងការធ្វើបទបាឋកថាលើប្រធានបទស្តីពីសារសំខាន់នៃតួនាទីយុវជននិងការងារស្ម័គ្រចិត្តក្នុងការអភិវឌ្ឍសង្គមជាតិ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅបណ្ឌិត្យសភានគរបាលកម្ពុជា លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជាបានមានប្រសាសន៍ថា ការផ្លាស់ប្តូរខ្លះបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍជឿនលឿន។ ប៉ុន្តែការផ្លាស់ប្តូរខ្លះទៀត បានធ្វើឱ្យប្រទេសងាកចេញពីមានការអភិវឌ្ឍទៅជាប្រទេសអន់ថយជាក់ស្តែងដូចជានៅ ប្រទេសទុយណេស៊ី លីប៊ី និងអេហ្ស៊ីប ជាដើម។
លោកបានបញ្ជាក់ថា យុវជនគឺជា ទំពាំងស្នងឫស្សីនិងជាចលករដ៏មានសក្តា នុពលក្នុងការកសាងប្រទេសជាតិហើយយុវ ជនក៏ជាកម្លាំងដ៏សំខាន់ផងដែរនៅក្នុងការផ្លាស់ប្តូររបៀបរបបនៃការដឹកនាំប្រទេសជាតិ។
លោកបានណែនាំដល់យុវជនត្រូវមានការត្រិះរិះឱ្យមានភាពត្រឹមត្រូវមុននឹងធ្វើ ការផ្លាស់ប្តូរទៅតាមទស្សនៈយល់ឃើញ របស់ខ្លួននោះ។
លោកនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បាន លើកឡើងថា យុវជនគឺជាកម្លាំងចលករ ប្រកបដោយសក្តានុពលខ្ពស់របស់ជាតិ ដែលមានកាតព្វកិច្ចធ្វើជារបងការពារជាតិដ៏រឹងមាំនិងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីធានាបាននូវអត្ថិភាពរបស់ជាតិ ស្ថិតនៅគង់វង្សយូរអង្វែង និងលើកកម្ពស់កិត្យានុភាពរបស់ជាតិ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ ថាបច្ចុប្បន្ននេះយុវជនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការងារការពារជាតិ ការងារ អភិវឌ្ឍជាតិ ការងារដឹកនាំគ្រប់គ្រងកិច្ចការនយោបាយ សេដ្ឋកិច្ច ការទូត បច្ចេកទេស វិទ្យាសាស្រ្ត សន្តិសុខ សណ្តាប់ធ្នាប់ សា ធារណៈនិងកិច្ចការដទៃទៀតជាច្រើនប្រៀបបាននឹងទំពាំងដែលស្នងឫស្សីផងដែរ។
លោកបានកត់សម្គាល់ថា ជោគវាសនា អនាគតនៃប្រទេសជាតិនីមួយៗគឺពិតជា ពឹងផ្អែកទាំងស្រុងទៅលើយុវជនជំនាន់ក្រោយ ហើយយុវជនគឺជាកត្តាស្លាប់រស់ របស់ជាតិ។
សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាល និងការអញ្ជើញវាគ្មិនសំខាន់មកធ្វើបទ បង្ហាញដល់ថ្នាក់ដឹកនាំគ្រូនគរបាលជាតិ សិស្សសិក្ខាកាមនៅបណ្ឌិត្យសភានគរ បាលកម្ពុជានេះត្រូវបានរៀបចំធ្វើឡើងស្របតាមកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាផែនការរបស់ក្រសួងមហាផ្ទៃក្នុងការលើកកម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាល ដើម្បីរក្សាសន្ដិ សុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជា ពលរដ្ឋឱ្យបានល្អប្រសើរ៕ ហេង សូរិយា