ព័ត៌មានទាន់ហេតុការណ៍៖

វាសនាប្រធានាធិបតីស៊ីរី កាន់តែលំបាកក្រោយពេលក្រុមអង្កេតការណ៍ប្រកាសរបាយការណ៍ស្រាវជ្រាវថាស៊ីរីប្រើប្រាស់អាវុធគីមី

ចែករំលែក៖

ការវាយប្រហារដោយអាវុធគីមីនៅស៊ីរីកាលពីថ្ងៃទី៤ ខែមេសា បានសម្លាប់មនុស្ស ៨៧នាក់ ក្នុងនោះមានកុមារ៣១នាក់ និង រងរបួសរាប់រយនាក់ទៀត ដោយលោកខាងលិចបានចោទប្រកាន់ទៅលើរដ្ឋាភិបាលស៊ីរី ។ ចំណែករដ្ឋាភិបាលស៊ីរីវិញបានចោទប្រកាន់លោកខាងលិចថា ជាអ្នករៀបចំ ឲ្យមានការវាយប្រហារដោយអាវុធគីមី ដើម្បីទម្លាក់កំហុសទៅលើរដ្ឋាភិបាលស៊ីរី។

កន្លងមក រដ្ឋាភិបាលបារាំងបានចោទកងទ័ពស៊ីរី ពេញមាត់តែម្តង ថាបានប្រើអាវុធផ្ទុកសារធាតុពុលសារ៉ាំង វាយប្រហារតំបន់ Khan Cheikhoun ភាគពាយព្យស៊ីរី កាលពីថ្ងៃ ទី៤មេសា។ ផ្នែកចារកិច្ចបារាំង បានធ្វើការស៊ើបអង្កេតដោយផ្ទាល់ដល់ស៊ីរី មុននឹងចេញសេចក្តីសន្និដ្ឋានចោទប្រកាន់នៅថ្ងៃ២៦ ខែមេសា។

បារាំង ចោទថា ការវាយប្រហារដោយ អាវុធគីមី នៅស៊ីរី នៅភូមិ Khan Cheikhoun ភាគពាយព្យស៊ីរី កាលពីថ្ងៃទី៤មេសា គឺជាស្នាដៃរបស់កងទ័ពស៊ីរីប្រាកដណាស់។ បើយោងតាមឯកសាររបស់ផ្នែកចារកិច្ច បារាំង ដែលបានចុះទៅស៊ើបអង្កេតដល់ ស៊ីរី គឺរដ្ឋាភិបាលស៊ីរីនៅមានអាវុធគីមីនៅឡើយ ដែលនេះជាការរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០១៣ ដែលតម្រូវឲ្យស៊ីរីកម្ទេចអាវុធគីមីឲ្យអស់ពីប្រទេស។

ផ្នែកចារកិច្ចបារាំងបានដកស្រង់យកសារធាតុពុលសារ៉ាំងដែលគេប្រើវាយ ប្រហារភូមិស៊ីរី ខាន់ ឈែកឃូន កាលពីថ ទី៤ ខែមេសាមកពិនិត្យមើលប្រៀបធៀបជាមួយសារធាតុពុលសារ៉ាំងដែលប្រើក្នុងការវាយប្រហារនៅ សារ៉ាកេប ភាគពាយព្យ ស៊ីរី កាលពីឆ្នាំ២០១៣។ សារធាតុសារ៉ាំង នៅភូមិខាន់ ឈែកឃូន ដូចគ្នាទៅនឹងសារធាតុគីមីប្រើវាយប្រហារ ឆ្នាំ២០១៣ដែរ។ គឺថា ក្រុមស៊ើបអង្កេតរកឃើញថា មានសារធាតុម្យ៉ាងដែលអភិវឌ្ឍដោយវិទ្យាស្ថានស្រាវជ្រាវរបស់ ស៊ីរី ដើម្បីជួយរដ្ឋាភិបាល លោកអាសាដ។ កាលពីថ្ងៃចន្ទ អ្នកស្រាវជ្រាវ វិទ្យាសាស្ត្រនៅវិទ្យាស្ថានស៊ីរីមួយនេះ ចំនួន២៧១នាក់ ត្រូវបានអាមេរិកដាក់ ទណ្ឌកម្ម។

បារាំងសន្និដ្ឋានទៀតថា ព្រឹកថ្ងៃទី៤ ខែមេសា គឺយន្តហោះកងទ័ពស៊ីរី ពិសេស យន្តហោះប្រដេញ Sukhoi 22 ដែលចេញពី មូលដ្ឋាន
បានវាយប្រហារ ភូមិខាន់ ឈែកឃូន គឺមានតែកងទ័ពស៊ីរីទេ ដែលមានមធ្យោបាយវាយប្រហារបែបនេះ។

បារាំងចេញឯកសារស៊ើបអង្កេតចោទរដ្ឋាភិបាលលោកអាសាដ កាលពីថ្ងៃពុធ កន្លងមកនេះ ជាការឆ្លើយតបនឹងលោក អាសាដដែលបានចោទថា ប្រទេសលោកខាងលិចបានប្រឌិតរឿងវាយប្រហារដោយអាវុធគីមីថ្ងៃទី៤ ខែមេសាឡើង ដើម្បីយក លេសវាយប្រហារស៊ីរី។ ផ្នែកចារកិច្ចបារាំង បានអះអាងថា តាំងពីខែមេសា ឆ្នាំ២០១៣ មក មានការវាយប្រហារចំនួន៥លើក នៅស៊ីរី ជាការវាយប្រហារដែលប្រើសារធាតុពុលសារ៉ាំង។

រដ្ឋាភិបាលស៊ីរីតែងរងការចោទប្រកាន់ថា បានប្រើអាវុធគីមីសម្លាប់មនុស្ស។ តែស៊ីរីតែងតែបដិសេធហើយតែងទម្លាក់កំហុសទៅឲ្យក្រុមឧទ្ទាម។ ការវាយប្រហារដោយ អាវុធគីមីថ្ងៃទី៤ ខែមេសា បានធ្វើឲ្យអាមេរិកប្រតិកម្មឡើងនៅថ្ងៃទី៧ ខែមេសា ដោយ បានបាញ់មីស៊ីល៥៩គ្រាប់ ទៅលើមូល ដ្ឋានទ័ពអាកាសស៊ីរី។

ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសស៊ីរីកម្លាំងទាហានរដ្ឋាភិបាលស៊ីរីបន្តបរាជ័យនៅក្នុងតំបន់ Dara’a ប៉ុន្តែ ទាហានស៊ីរី បានធ្វើការវាយបកទាន់ពេលវេលាសម្លាប់មេបញ្ជាការ ក្រុមភេរវកម្ម លោកHayat Tahrir Al Sham ។

នៅថ្ងៃទី១៩ខែមេសា កម្លាំងទាហាន ក្រុមឧទ្ទាមក្រោមការដឹកនាំរបស់ Hayat Tahrir Al Sham បានបើកការវាយប្រហារទៅលើកម្លាំងទាហានស៊ីរី និងរុស្ស៊ី ស្ថិត នៅស្រុក Al Manishiyah ។កម្លាំងទាហានក្រុមឧទ្ទាមបានវាយប្រហារនៅពេលយប់ ពេលទាហានរុស្ស៊ីនិងស៊ីរី បញ្ចប់ការវាយប្រហារទៅលើទីតាំងរបស់ក្រុមភេរវកម្ម។

នៅពេលនេះកម្លាំងក្រុមភេរវកម្មបាន ដណ្តើមទីតាំងគ្រប់គ្រងមកវិញប្រមាណ ៧០-៩០ភាគរយ នៃផ្ទៃដីនៅក្នុងស្រុក Al Manishiyah ។ ចំណែកនៅតំបន់ភាគខាងជើងប្រទេសនេះស្ថិតនៅក្រោមការគ្រប់ គ្រងរបស់ទាហានស៊ីរី។

នៅពេលនោះដែរ កម្លាំងទាហានស៊ីរី និងរុស្ស៊ីក៏បានបញ្ជូនអាវុធទំនើបៗជាច្រើនទៅវាយប្រហារក្រុមឧទ្ទាម ក្នុងនោះមាន យន្តហោះចម្បាំង Mig -23,Mig-25, ka-28 និងកាំជ្រួចមីស៊ីល ផងដែរ។

ដោយឡែកនៅទីក្រុងអាឡែបប៉ូវិញ កម្លាំងទាហានស៊ីរី ក៏រងនូវការបរាជ័យ ពេលក្រុមឧទ្ទាមបើកការវាយប្រហារជាទ្រង់ ទ្រាយធំ។

ចាប់តាំងពីអាមេរិកវាយប្រហារ ដោយមីស៊ីលជិត៦០គ្រាប់ទៅលើទីតាំងយោធា របស់ស៊ីរី មកទល់ពេលនេះក្រុមឧទ្ទាមបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើ ទាហានរដ្ឋាភិបាលស៊ីរី។ ចំណុចទាំងនោះ ហើយបានធ្វើឲ្យ ក្រុមអ្នកវិភាគ ចាត់ទុកថា ការវាយប្រហាររបស់អាមេរិកគឺជាការបើកផ្លូវសម្រាប់ក្រុមឧទ្ទាមវាយប្រហារផ្តួល រំលំរដ្ឋាភិបាល ប្រធានាធិបតីអាល់ អា សាដ។

ការដែលក្រុមឧទ្ទាមបង្កើនការវាយ ប្រហារយកឈ្នះទាហានរដ្ឋាភិបាលស៊ីរីជាបន្តបន្ទាប់នោះធ្វើឲ្យគេនឹកឃើញដល់ ការព្យាកររបស់គ្រូទាយថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ សង្គ្រាមលោក លើកទី៣នឹងផ្ទុះ ។ សង្គ្រាមលោកកើតចេញពីការសម្លាប់មេដឹកនាំស៊ីរី លោកអាល់ អាសាដ និងការវាយប្រហារទៅលើប្រទេសកូរ៉េខាងជើង។

សង្គ្រាមចាប់ផ្តើមចេញពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យ កម្លាំងទាហានរបស់ខ្លួនវាយប្រហារទៅ លើទីតាំងនានារបស់រដ្ឋាភិបាលស៊ីរីនិង កូរ៉េខាងជើង។ នៅពេលនេះដែរ ទាហាន រដ្ឋាភិបាលស៊ីរីកំពុងតែរងការវាយប្រហារយ៉ាងខ្លាំងពីក្រុមឧទ្ទាម ហើយការវាយ ប្រហារនោះអាចបង្កឲ្យសង្គ្រាមរាលដាលកាន់តែធំ។ លោកអាល់អាសាដនឹងប្រើគ្រាប់វិធីសាស្ត្រការពារ តំណែងរបស់ខ្លួន ទាំងនោះហើយជាហេតុផលនាំឲ្យ អាមេរិក ត្រូវវាយប្រហារ ៕ ម៉ែវ សាធី


ចែករំលែក៖