ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ អីុរ៉ង់និងសាវឌីអារ៉ាប៊ីប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងក្រោយពីមានសង្គ្រាមពាក្យសម្តី

ចែករំលែក៖

ការព្រមានឌឺដងដាក់គ្នារវាងមេដឹកនាំ សាវឌីអារ៉ាប៊ី នឹងអីុរ៉ង់បានជំរុញឲ្យប្រទេសដែលជាសត្រូវនឹងគ្នាជាច្រើនទសវត្សកន្លងមកនេះ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ដោយអាចអាចផ្ទុះសង្គ្រាមទៀតផង។

បច្ចុប្បន្នសាវឌីអារ៉ាប៊ី កំពុងតែផ្ទុះសង្គ្រាម ដាក់គ្នានៅក្នុងប្រទេសយេមែ៉ន ដោយអីុរ៉ង់ គាំទ្រ ក្រុមហ៊ូធីចំណែកសាវឌីអារ៉ាប៊ីគាំទ្រ រដ្ឋាភិបាលយេម៉ែន ដែលមិនខុសអ្វីពី សង្គ្រាមនៅក្នុងប្រទេសស៊ីរីនោះដែរ គឺអីុរ៉ង់ទទួលបានការគាំទ្រនិងមានខ្នងបង្អែកដ៏រឹងមាំពីប្រទេសរុស្ស៊ី ចំណែកសាវឌីអារ៉ាប៊ីវិញមានខ្នងអាមេរិកជាបង្អែក។

កន្លងមកថ្មីៗមហាអំណាចសហរដ្ឋ អាមេរិក បានទាមទារឲ្យមានសកម្មភាព ពីអង្គការសហប្រជាជាតិ បន្ទាប់ពីគ្រាប់ មីស៊ីលអុីរ៉ង់ ត្រូវបានគេរាយការណ៍ថា ត្រូវបាន ប្រើប្រាស់ដោយកងកម្លាំងហ៊ូធី នៅក្នុងប្រទេសយេម៉ែន ក្នុងការវាយប្រហារ ប្រឆាំងនឹង សាវឌីអារ៉ាប៊ី នាពេលកន្លង មក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ បេសកកម្មសហរដ្ឋអាមេរិក ទៅកាន់អង្គ ការសហប្រជាជាតិ បានឲ្យដឹងថា សាវ ឌីអារ៉ាប៊ី ថ្មីៗនេះ បានចេញផ្សាយព័ត៌មាន ទាក់ទង នឹងមីស៊ីលផ្លោង ដែលបាញ់ដោយ កងកម្លាំង ហ៊ូធី ប្រឆាំងសាវឌីអារ៉ាប៊ី កាល ពីខែកក្កដា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ព័ត៌ មាននេះបង្ហាញថា មីស៊ីលនេះ គឺជាអាវុធ Qiam របស់អុីរ៉ង់ដែលជាអាវុធមួយប្រភេទមិនមានវត្តមានទេនៅក្នុងប្រទេសយេម៉ែន មុនពេលមានជម្លោះ ដែលជាការរំលោភ លើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២១៦ និង ២២៣១”។

ចំណែកប្រទេសអីុរ៉ង់វិញ ក៏បានព្រមាន ដល់ សាវឌីអារ៉ាប៊ី ឲ្យប្រយ័ត្នសម្ដី ក្រោយពេលព្រះអង្គម្ចាស់រជ្ជទាយាទសាវឌីអារ៉ាប៊ី Mohammed Ben Salman បានចោទ អុីរ៉ង់ថា បានប្រកាសសង្រ្គាមជាមួយខ្លួន តាមរយៈការបញ្ជាឲ្យក្រុមហ៊ូធីបាញ់មីស៊ីលបាលីស្ទិកចេញពីដីយេម៉ែន។

នៅថ្ងៃទី៨ ខែវិច្ឆិកា ក្នុងពេលប្រជុំ គណៈរដ្ឋមន្ត្រីអុីរ៉ង់ លោកប្រធានាធិបតី ហាស្សាន់ រូហានី បានមានប្រសាសន៍ធ្ងន់ៗ ទៅកាន់សាវឌីអារ៉ាប៊ី ថា សាវឌីអារ៉ាប៊ី ត្រូវតែប្រយ័ត្ន កុំក្អេងក្អាងពេក បើពុំនោះ ទេអុីរ៉ង់ នឹងប្រើកម្លាំងឲ្យស្គាល់ជាតិម្តង។ សម្តីនេះ គឺជាការឆ្លើយតប ទៅនឹងការ ប្រកាសរបស់សាវឌីអារ៉ាប៊ី ដែលថា អុីរ៉ង់ បានប្រកាសសង្រ្គាម តាមរយៈមីស៊ីល បាលីស្ទិក ដែលបាញ់ចេញពីយេម៉ែន។ សម្តីឆ្លងឆ្លើយគំរាមគ្នានេះ បង្ហាញឲ្យឃើញ អំពីស្ថានភាព កាន់តែតឹងតែង នៅតំបន់ ឈូងសមុទ្រពែក្ស ដែលមេបក្សនិកាយ អ៊ិស្លាមទាំង២នេះ កំពុងតែប្រជែងគ្នា។

វាជារឿងកម្រណាស់ ដែលប្រធានាធិប តីអុីរ៉ង់ និយាយគំរាមដោយចំៗ ទៅសាវឌី អារ៉ាប៊ី ។ នៅក្នុងការប្រជុំគណៈរដ្ឋមន្ត្រីអុីរ៉ង់ កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា ដែលមានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ អុីរ៉ង់ផងនោះ លោក ហាស្សាន់ រូហានី ប្រធានាធិបតីអុីរ៉ង់ បាន និយាយថា៖ “អ្នកអាចដឹងថាអុីរ៉ង់មាន កម្លាំង និងមានឥទ្ធិពលកម្រិតណានៅក្នុងតំបន់។ អុីរ៉ង់ខ្លាំង អាចវាយអ្នកឯងបាក់ ធ្មេញ បានយ៉ាងងាយ។ អ្នកឯងគ្មានអ្វីមកចង់ប្រៀបស្មើនឹងយើងបានទេ!”។

លោកហាស្សាន់ រូហានីបន្តថា៖ “អាមេរិក និងបក្សពួក បានប៉ុនប៉ងល្បងកម្លាំងជាមួយអុីរ៉ង់ ជាច្រើនលើកមកហើយ តួយ៉ាងដូច ជាបានបញ្ជាឲ្យអុីរ៉ាក់ មកធ្វើសង្រ្គាមនឹងយើងនៅឆ្នាំ១៩៨០។ តែពួកនោះ នៅតែ ធ្វើអ្វីអុីរ៉ង់ មិនបាន”។ លោកប្រធានាធិបតី អុីរ៉ង់បន្ថែមថា “អុីរ៉ង់ មានបំណងចង់ឃើញ ការរីកចម្រើន របស់ប្រទេសជិតខាងជាបងប្អូនទាំងអស់មិនថា អុីរ៉ាក់ ស៊ីរី ឬសាវឌី អារ៉ាប៊ីទេ។ មានតែចំណងមិត្តភាពចាប់ដៃគ្នាជួយគ្នាទេទើបអាចហុចផលល្អទាំង អស់គ្នាបាន។ បើសិនអ្នកឯងគិតថា ទៅ ឱបជើងអាមេរិក និងអុីស្រាអែល ហើយ បែរមកចងសត្រូវជាមួយអុីរ៉ង់ ថាជាការ ល្អនោះ គឺជាការយល់ច្រឡំធំហើយ” ។

សូមបញ្ជាក់ថា សម្តីរបស់លោក ហាស្សាន់ រូហានី គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ របស់អាសាវឌី អារ៉ាប៊ី ។ កាលពីថ្ងៃអង្គារ ព្រះអង្គម្ចាស់រាជ្ជទាយាទសាវឌីអារ៉ាប៊ី Mohammed Ben Salman បានចោទអុីរ៉ង់ថា បានប្រកាស សង្រ្គាមជាមួយខ្លួន តាមរយៈការបញ្ជាឲ្យក្រុមហ៊ូធីបាញ់មីស៊ីលបាលីស្ទិកចេញពីដីយេម៉ែន។ អុីរ៉ង់ បានច្រានចោលការចោទ ប្រកាន់នេះ ហើយថែមទាំងបានចំអកទៅសាវឌីអារ៉ាប៊ី វិញថា បានទម្លាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃទៅលើប្រជាជនយេម៉ែន តែ ដល់ពេល គេគ្រាន់តែបាញ់មកវិញ មួយ គ្រាប់សោះបែរជាដើរចោទគេចោទឯង។

ជាការពិតមីស៊ីល ដែលសាវឌីអារ៉ាប៊ី ចាប់កម្ទេចបានទាន់ពេលនេះ គឺជាប្រភព នៃកម្ដៅតានតឹង ដែលឆេះឡើងមួយរំពេច រវាងមហាអំណាចអ៊ិស្លាមទាំង២។ អុីរ៉ង់ និងសាវឌីអារ៉ាប៊ី បានផ្តាច់ចំណងទូតនឹងគ្នាកាលពីខែមករា ឆ្នាំ២០១៦ បន្ទាប់កើតចលាចលហិង្សាកម្ទេចស្ថានទូតសាវឌី អារ៉ាប៊ី នៅទីក្រុងតេអេរ៉ង់។ ដើមចមនៃ បញ្ហានេះ គឺបន្ទាប់ពីសាវឌីអារ៉ាប៊ី បានកាត់ ទោសប្រហារជីវិត បុព្វជិតសាសនាអ៊ិស្លាមនិកាយសុីអុីត ដ៏ល្បីឈ្មោះម្នាក់នៅសាវឌីអារ៉ាប៊ី ។ ការប្រជែង រវាងនិកាយអ៊ិស្លាម សុីអុីត និងនិកាយស៊ូនីត គឺជាស្នូលនៃ ជម្លោះរវាងអុីរ៉ង់ នឹងសាវឌីអារ៉ាប៊ី ។ សឹង គ្រប់ទីកន្លែងដែលមានជម្លោះ នៅដើម បូព៌ា គឺប្រទេសទាំង២នេះបាន គាំទ្រទំនុកបម្រុងក្រុមបក្សខុសៗគ្នា។

ការព្រមានរបស់អីុរ៉ង់ កើតឡើងក្រោយ ពេលដែល មានដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីពូទីន ទៅកាន់ប្រទេសអីុរ៉ង់ ដោយភាគីទាំង២បានបង្កើនទំនាក់ទំនងកាន់តែប្រសើរថែមទៀត លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ចនិងយោធា។ ទាំងនោះហើយដែលធ្វើឲ្យអីុរ៉ង់មិនខ្លាចប្រឈមមុខនឹង ប្រទេសមហាអំណាច ៕ ម៉ែវ សាធី

 


ចែករំលែក៖