ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបនៅតែរឹងមាំមិនបែកបាក់នោះឡើយ ហើយប្រាក់អឺរ៉ូនៅតែរឹងមាំ

ចែករំលែក៖

កន្លងមកអឺរ៉ុបបានប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំង ធ្វើឲ្យប្រទេសជាច្រើននៅក្នុងតំបន់នោះធ្លាក់ចូលក្នុងវិបត្តិបំណុល និងជនភៀសខ្លួន។ ទាំងនោះហើយបានធ្វើឲ្យក្រុមអ្នកវិភាគជាច្រើនលើកឡើងថា ប្រទេសចាយប្រាក់អឺរ៉ូ កំពុងប្រឈមការ បែកបាក់ប៉ុន្តែមួយរយៈចុងក្រោយនេះ អឺរ៉ុប បានវិវឌ្ឍឆ្ពោះទៅរកការរីកចម្រើន ហើយប្រាក់អឺរ៉ូនៅតែរឹងមាំដដែល។

គណៈកម្មការអឺរ៉ុបបានប្រកាសថា កំណើនសេដ្ឋកិច្ចក្នុងតំបន់ចាយបា្រក់អឺរ៉ូ នៅតែមានភាពរឹងមំា ប៉ុន្តែក៏បានព្រមានស្របពេលគ្នានេះផងដែរថា ជម្លោះពាណិជ្ជកម្មដោយសារតែគំនិតគាំពារនិយម គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចសកល។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨។

យោងតាម Economic Forecast អត្រាកំណើនសេដ្ឋកិច្ចនៃសហភាពអឺរ៉ុប និង តំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើងខ្ពស់ លើសពីការរំពឹងទុកកាលពីឆ្នាំ២០១៧ ជាមួយកំណើន ២.៤ភាគរយ។ មិនតែ ប៉ុណ្ណោះ កំណើននេះនៅតែរក្សាបាននូវភាពរឹងមាំក្នុងឆ្នាំ២០១៨នេះ ហើយវាអាចនឹងថយចុះបន្តិចបន្តួចនៅក្នុងឆ្នាំ២០១៩ ដោយមានកំណើន ២.៣ភាគរយ។

តែទោះជាយ៉ាងក្ដី គណៈកម្មការអឺរ៉ុប បានព្រមានថា គំនិតគាំពារនិយម គឺជាគ្រោះថ្នាក់មួយដល់កំណើនសេដ្ឋកិច្ច សកល។ «ហានិភ័យដ៏ធំដល់កំណើនសេដ្ឋកិច្ចសកល គឺការគាំពារនិយម ដែលមានតែផ្ដល់ការឈឺចាប់សម្រាប់ប្រជាជនរបស់យើង»។ នេះគឺជាការលើកឡើងរបស់ លោក Pierre Moscovici ជាស្នងការទទួល បន្ទុកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធដារ និង​ពន្ធគយ។

គួរបញ្ជាក់ថា បើតាមលោក Moscoviciជម្លោះពាណិជ្ជកម្មបច្ចុប្បន្ន និងគោល នយោបាយគាំពារនិយមរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសកល៕ ម៉ែវ សាធី


ចែករំលែក៖