ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះថា៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន២នាក់ និងខ្មែរម្នាក់ (អ្នកបកប្រែ) ពាក់ព័ន្ធរៀបចំគម្រោងការដាក់បន្ទុកលើនារីចិនម្នាក់ថា ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដោយយកគ្រឿងញៀន២កញ្ចប់ដាក់ក្នុងបន្ទប់សណ្ឋាគារ ហើយណាត់ឲ្យនារីរងគ្រោះចូលទៅក្នុងបន្ទប់ រួចទូរស័ព្ទប្រាប់សមត្ថកិច្ច។ ប៉ុន្ដែផែនការរៀបចំគម្រោងចង់ឱ្យនារីរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនដាក់ពន្ធនាគារនោះ មិនបានសម្រេចនោះឡើយ បន្ទាប់ពីសមត្ថកិច្ចសាកសួរ និងពិនិត្យទឹកនោមលើនារីរងគ្រោះ មិនឃើញសារធាតុញៀននោះឡើយ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងបន្តថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនរួមមាន ឈ្មោះ Tang Zhang Wei ហៅកឺកឺ, ឈ្មោះ Gao Ya Hong ហៅអាហាវ និងឈ្មោះ អេង ភ័ក្រ្តា ហៅត្រា (អ្នកបកប្រែភាសាចិន)។ ដោយឡែក នារីរងគ្រោះជនជាតិចិនឈ្មោះ Lu Xiaoxin។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា យោងដំណើររឿង មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ ដោយបានទទួលព័ត៌មានពីអ្នកបកប្រែ ភាសាចិន ឈ្មោះ ត្រា បានឲ្យដឹងថា មានស្រ្តីជនជាតិចិនម្នាក់ ប្រើប្រាស់គ្រឿងញៀន និងមានគ្រឿងញៀននៅក្នុងបន្ទប់។
ក្រោយទទួលព័ត៌មាន លោកបញ្ជាកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងភ្លាមៗ ដែលស្ថិតនៅអគាព្រីន បន្ទប់លេខ1113 ក្រុមទី០៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ និងឆែកឆេររកឃើញគ្រឿងញៀន ចំនួន២កញ្ចប់ និងបាននាំខ្លួនឈ្មោះ Lu Xiaoxin ភេទស្រី មកធ្វើការសាកសួរ រួចស្រ្តីនោះថា ខ្លួនមិនចេះប្រើប្រាស់គ្រឿងញៀន និងមិនដែលរក្សាទុកគ្រឿងញៀនទេ។
បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តទឹកនោមស្រ្តីនោះ ទាំងម៉ាទឹកកក (ice) និងកេតាមីន (K) ជាលទ្ធផល (អវិជ្ជមាន) ឃើញថាស្រ្តីនោះមិនបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។
ដោយប្រើប្រាស់វិធានការជំនាញ សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបកប្រែ និងអ្នកពាក់ព័ន្ធ២នាក់ផ្សេងទៀត ដែលជាជនជាតិចិន ដើម្បីធ្វើការសួរនាំ ទើបចុងក្រោយដឹងថា ពួកគេរៀបចំគម្រោងធ្វើបាបទៅលើឈ្មោះ LU Xiaoxin ដើម្បីឲ្យជាប់ពន្ធនាគារ។ មូលហេតុដែលគេរៀបគម្រោងបែបនេះ ដោយសារជនរងគ្រោះ និងជនសង្ស័យឈ្មោះ Tang Zhang Wei ធ្លាប់មានទំនាក់ទំនងជាមួយគ្នា លុះពេលបែកគ្នាជនរងគ្រោះទាមទារលុយច្រើនពេក ទើបសម្រេចចិត្តរៀបចំគម្រោងនេះតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ បន្តស្រាវជ្រាវរកគ្រឿងញៀន និងចាត់ការតាមនីតិវិធី៕
ដោយ៖ សហការី