ខេត្តបាត់ដំបង៖ ការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនក្រុមអ្នកញៀនល្បែងស៊ីសងបញ្ជល់មាន់ទៅតុលាការដើម្បីចាត់ការបន្តក្រោយពីបង្ក្រាបនិងឃាត់ខ្លួនបាន។
កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌរួមជាមួយកម្លាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានអោយដឹងថា ពួកគេទាំង០៦នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយពីចុះបង្រ្កាបឃាត់ខ្លួនពេលលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់)នៅចំណុចក្រុមទី១២ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ថា ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ជាមួយនឹងវត្ថុតាងមាន់ជល់ចំនួន០៩ក្បាល, ជញ្ជីង សម្រាប់ថ្លឹងមាន់០១គ្រឿង, កៅស៊ូ សង្វៀនបញ្ជល់មាន់ចំនួន០១ដុំ, ចង្ក្រានហ្គាសចំនួន០១, ស៊ុមសម្រាប់ដាក់មាន់ចំនួន០៧, ឆ្នាំងដាំទឹកស្អំមាន់ ចំនួន០១ ផងដែរ ។
ក្រោយពីឃាត់ខ្លួនសាកសួររួច អ្នកលេងល្បែងស៊ីសងខាងលើត្រូវបានកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរៀបចំបញ្ជូនបន្តទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕
ដោយ៖ ចន្ទ លីហ្សា