ខេត្តកែប៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា យោងតាមការដកស្រង់ចេញពីសៀវភៅកម្ពុជាមាតុភូមិខ្ញុំ ឧទ្យានជាតិកែប ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ឡាយព្រះហស្តលេខាដោយព្រះបាទនរោត្ដមសីហនុ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តកែប មានផ្ទៃដីទំហំ ៥០០០ហិកតា។ តាមពិតទៅឧទ្យានជាតិដ៏តូចច្រឡឹងនេះ មានព្រំប្រទល់ស្ថិតនៅចម្ងាយតែ ប្រមាណ ៥០០ម៉ែត្រ ពីសាលាក្រុងកែប ឬក៏ ៣០០-៥០០ម៉ែត្រ ពីឆ្នេរកែប និងផ្សារក្តាមតែប៉ុណ្ណោះ។
ឧទ្យានជាតិកែបនេះស្ថិនៅចំកណ្តាលទីក្រុងកែប ដែលជាស្នូល ឬជាបេះដូងតែម្តង ហើយឧទ្យាននេះ លាតសន្ធឹងបត់បែនទៅតាមជួរភ្នំកែបទាំងឡាយ ដែលអមដោយដងផ្លូវ និងភូមិឋានប្រជាជនរស់នៅស្ទើរតែព័ទ្ធជុំវិញទីនោះតែម្តង។
ថ្វីត្បិតឧទ្យានជាតិកែប មានផ្ទៃដីតូចក៏ពិតមែន ប៉ុន្តែឧទ្យានជាតិកែប ក៏មានសក្តនុពលខ្ពស់សម្រាប់ការអភិរក្សជីវៈចម្រុះផងដែរ ដោយឧទ្យានជាតិមានគ្របដណ្តប់ដោយព្រៃឈើធម្មជាតិ ចម្រុះប្រភេទ រួមទាំងវត្តមាននៃពពួកសត្វព្រៃជាច្រើនប្រភេទទាំង ពពួកសត្វស្លាប ថនិកសត្វ ល្មួន និងពពួក ឧរង្គសត្វផងដែរ៕
ដោយ៖ សហការី