ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ដោះលែងអតីតថៅកែនាំចូលស្រាបៀរ ដែលធ្លាក់ខ្លួនជាប់បំណុលគេ១ ម៉ឺនដុល្លារ ចេញសែកអត់លុយឱ្យទៅផ្ទះវិញបាត់ហើយ

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា សម្រេចដោះលែងបុរសម្នាក់អតីតថៅកែនាំស្រាបៀរ ឲ្យមានសេរីភាពវិញ បន្ទាប់ពីសមត្តកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចាយសែកស្អុយ ១០.០០០ ដុល្លារអាមេរិក ។

បុរសម្នាក់អតីតធ្លាប់ជាចៅកែនាំស្រាបៀរពីក្រៅប្រទេសមកលក់ និងចែកចាយលើទីផ្សារក្នុងស្រុក មានមុខមានមាត់គួរសមដែរ ពេលនេះធ្លាក់ខ្លួនជំពាក់បំណុលគេ១ ម៉ឺនដុល្លារត្រូវបានកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង មហាផ្ទៃ នាំខ្លួនឡើងតុលាការ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធការចោទប្រកាន់ពីបទ.ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ” ។ បុរសនោះឈ្មោះ ឡោ សុជាតិ អាយុ ៤២ ឆ្នំា មុខរបរ នៅផ្ទះ មានលំនៅផ្ទះលេខ២២២ ផ្លូវ៥៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ការនាំខ្លួនបុរសខាងលើឡើងតុលាការនោះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលចូលខ្លួន របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោង ទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ មាស វិវឌ្ឍន៍ ភេទស្រី អាយុ ៣១ ឆ្នាំ ។ 

តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២២ ឈ្មោះ ឡោ សុជាតិ បានទំនាក់ទំនងទៅជនរងគ្រោះជាជនជាតិម៉ាឡេស៊ី និងជាថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ ដើម្បីដាក់ទុនរកស៊ីជាមួយគ្នានូវទំហំទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក ។ 

ដោយមានការជឿទុកចិត្ដថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានប្រគល់ប្រាក់តាមការព្រមព្រៀងឲ្យទៅឈ្មោះ ឡោ សុជាតិ គ្រប់ចំនួន ខណៈពេលនោះឈ្មោះ ឡោ សុជាតិ ក៏បានធ្វើកិច្ចសន្យាធានាអះអាងថា នឹងសងទៅដើមបណ្តឹងគ្រប់ចំនួនឲ្យវិញក្នុងរយៈពេលខ្លីបំផុត ។ បន្ទាប់ពីព្រមព្រៀមគ្នាហើយឈ្មោះ ឡោ សុជាតិ បានចេញមូលប្រទានប័ត្រមួយសន្លឹក របស់ធានាគារ ABA ឲ្យទៅថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ សម្រាប់ទៅដកយកប្រាក់នោះ ។ 

ដល់ថ្ងៃកំណត់ថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានយកមូលប្បទានប័ត្រខាងលើនេះទៅបើកប្រាក់នៅធនាគារ ABA ស្រាប់តែខាងធានាគារឆ្លើយតបថា គណនីនេះគ្មានសាច់ប្រាក់ទេ ពោលគឺ សែកស្អុយ ។ នៅពេលដឹងថា មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ឈ្មោះ មាស វិវឌ្ឍន៍ បានទំនាក់ទំនងទៅឈ្មោះ ឡោ សុជាតិ តាមគ្រប់មធ្យោបាយតែជនសង្ស័យបានគេចវេស និងបិទទូរស័ព្ទមិនអាចទាក់ទងបាន ។ ដោយអស់ជំនឿទុកចិត្តក្នុងការស្វែងរកជនសង្ស័យ ដើម្បីដោះស្រាយបំណុល ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។

 តាមសមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថា បុរសឈ្មោះ ឡោ សុជាតិ អតីតធ្លាប់ជាថៅកែនាំចូលស្រាបៀរមួយធំដុំដែរ ពេលនេះមិនគួរធ្លាក់ខ្លួនជំពាក់បំណុលគេត្រឹម១ម៉ឺនដុល្លារ រកលុយសងមិនបាននោះទេ អាចមានវិបត្តិផ្សេងទៀតដែលអ្នកគ្រប់គ្នាដឹងមិនដល់ ។

តែចុងក្រោយ អតីតថៅកែនាំចូលស្រាបៀរ ដែលធ្លាក់ខ្លួនជាប់បំណុលគេ១ ម៉ឺនដុល្លាររូបនេះត្រូវបាន ដោះលែង ឲ្យទៅផ្ទះវិញបាត់ហើយ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖