ភ្នំពេញ ៖ យើងធ្លាប់តែប្រើឡេការពារកម្ដៅថ្ងៃដើម្បីការពារស្បែកកុំឲ្យរលាក កុំឲ្យរបកពេលត្រូវពន្លឺថ្ងៃខ្លាំង ប៉ុន្តែបែរជាមានគ្នាយើងផ្សេង ប្រើផលិតផលប្រភេទ peeling ឬថ្នាំបកស្បែក ឲ្យរបកមកទាំងដុំៗដើម្បីចង់បានស្បែកសទៅវិញ? នេះជាការលើកឡើងលើផេកផ្លូវការ វេជ្ជបណ្ឌិត កម្ពុជា ។
‼️ថ្នាំបកស្បែកជាអ្វី?
ពពួកថ្នាំដែលគេប្រើក្នុងដំណើរការនេះគឺជាសូលុយស្យុងគីមីដែលអាចធ្វើឲ្យស្រទាប់ខាងក្រៅស្បែក ឬស្រទាប់ Epidermis របកចេញមក (skin resurfacing) ហើយធាតុផ្សំគោលក្នុងថ្នាំបកស្បែកនេះគឺអត់មានអីក្រៅពី «អាស៉ីត» ទេសូមជ្រាប !
◼️ ដំណើរការនៃការបកស្បែកមាន ៣ កម្រិត
〰️ កម្រិតស្រាល (Light Depth) ៖ អាស៉ីតជ្រាតចូលត្រឹមស្រទាប់ខាងលើនៃស្បែកតាមរយៈប្រើពពួកអាស៉ីតខ្សោយ (Glycolic Acid/Lactic acid/Salicylic acid/Mandelic acid/Phytic acid/Retinoic acid)
〰️ កម្រិតមធ្យម (Medium Depth) ៖ អាស៉ីតជ្រាតចូលកាន់តែជ្រៅមួយកម្រិតទៀត តែអត់ទាន់ដល់ស្រទាប់ទី ២ ស្រទាប់ Dermis របស់ស្បែកទេ។ គេប្រើពពួកអាស៉ីតកាន់តែខ្លាំងជាងមុន ហើយអាចមានផលប៉ះពាល់កាន់តែធំដូចជា Trichloroacetic acid/Jessner’s solution ដែលជាបណ្ដុំអាស៉ីតខ្សោយ ៣ មុខចូលគ្នា [lactic acid/salicylic acid/resorcinol]/Pyruvic acid -ល-
〰️ កម្រិតជ្រៅ (Deep peel) ៖ ចំណុចនេះគឺអាស៉ីតជ្រាបចូលស្រទាប់ទី ២ នៃស្បែកហើយ ហើយពពួកអាស៉ីតដែលប្រើគឺមានតែមួយគត់គឺ Phenol ឬ Carbolic Acid។ អាស៉ីតនេះធ្វើឲ្យស្បែករបកមកទាំងដុំ ហើយមានផលប៉ះពាល់ខ្លាំងដល់រាងកាយ។
ដំណើរការប្រើពពួកថ្នាំបកស្បែក ឬ Chemical peel នេះមែនទែនទៅមានតែអ្នកជំនាញ ឬ in-door treatment នៅគ្លីនិកប៉ុណ្ណោះដែលអាចទុកចិត្តបាន។ ជាពិសេសសម្រាប់ កម្រិត medium និងកម្រិត deep អត់អាចអនុវត្តខ្លួនឯងនៅផ្ទះបានទេ។
⛔️ ផលប៉ះពាល់នៃការប្រើថ្នាំបកស្បែក
❌ ស្បែកមានការឈឺចាប់ខ្លាំង ក្រហាយ ឈីបៗ (អាចរហូតដល់រាប់អាទិត្យអីក៏មាន)
❌ ស្បែកមានក្រហមខ្លាំង ស្បែកស្ដើង ហើម បែកសរសៃក្រហម
❌ បង្ករឲ្យស្បែកងាយប្រតិកម្ម អាឡែកហ្ស៊ី និយាយទៅគឺស្បែកដែលខ្សោយ ប៉ះអីក៏ងាយរលាក
❌ សមត្ថភាពនៃការផ្សះរបួសរបស់ស្បែកថយចុះ
❌ ស្បែកផ្លាស់ប្ដូរពណ៌ទៅជាប្រផេះ មានឡើងជាំខ្មៅ ឬអុចខ្មៅ ឬអុចសដុំៗ skin tone ឬសំបុរស្បែកអត់ស្មើគ្នា
❌ ការបកស្បែកអាចបង្ករឲ្យមានការឆ្លងមេរោគ វីរុស ឬផ្សិតលើស្បែកបាន
❌ ប្រឈមមុខនឹងមហារីកស្បែកខ្ពស់
❌ អាចប៉ះពាល់ដល់ដំណើរការប្រព័ន្ធឈាម ឬសរសៃឈាម ធ្វើឲ្យចង្វាក់បេះដូងដើរលឿន បំផ្លាញដំណើរការតម្រង់នោមឬក្រលៀន និងការច្រោះជាតិពុលរបស់ថ្លើម ក្នុងករណីប្រើប្រាស់ពពួកអាស៉ីតខ្លាំងដូចជា Carbolic Acid
សូមបញ្ជាក់ឲ្យច្បាស់ៗម្ដងទៀតថា ការបកស្បែកនេះគឺមិនមែនសម្រាប់គ្រប់គ្នាឡើយ។ ជាពិសេសការបកស្បែករហូតចេញមកទាំងផ្ទាំងៗដូចរូបខាងក្រោម គឺត្រូវមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញសើរស្បែកផ្ទាល់ មិនមែនទិញតែសូលុយស្យុងមួយដបមកប្រើនៅផ្ទះខ្លួនឯងក៏បានហើយទេ!
មួយទៀតអ្នកដែលធ្លាប់មានប្រវត្តិប្រើថ្នាំមួយចំនួន ស្រ្តីមានផ្ទៃពោះ អ្នកមានផ្ទុកលក្ខណៈហ្សែនណាមួយ អ្នកមានអាឡែកហ្ស៊ី ឬស្បែកខ្សោយ ស្ដើង គឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើការបកស្បែកនេះដាច់ខាត។ សូមប្រយ័ត្នប្រយែង! ៕
ដោយ ៖ សហការី