ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សម្រេច : 

មាត្រា១ -ត្រូវបានកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ពីផ្ទៃដីទំហំ៦០ ០០០(ប្រាំមួយម៉ឺន)ហិកតា ដែលមាន ចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ មកផ្ទៃដីទំហំ៦០ ៩៩៤ (ប្រាំមួយម៉ឺនប្រាំបួនរយកៅសិបបួន)ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិននិងខេត្តបាត់ដំបង ដូចមានផែនទី ភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និងនិយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

មាត្រា២ – អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

– ធានាឱ្យមានការថែទាំទីជម្រកនិងស្ថេរភាពនៃប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព រុក្ខជាតិ សម្រាប់យូរអង្វែង 

– រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ

– លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព

– បង្កើតតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ ជំនាន់

– ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។

មាត្រា៣ – ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដោយ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋបាលខេត្តប៉ៃលិន និងរដ្ឋបាលខេត្តបាត់ដំបង ដើម្បីធានាដល់ ប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។

មាត្រា៤ – លិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើត តំបន់ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូត ដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៥ -បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៦ – រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖