ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ០៧គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច នៅស្រុករតនមណ្ឌល

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ អឹម រុន ភេទស្រី អាយុ៧៥ឆ្នាំ (ជាដូនជី) រស់នៅភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កាលពីម្សិលមិញនេះ​រួចក៏មករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសង្ហា នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។

ក្រោយទទួលដំណឹងភ្លាម សមត្ថកិច្ចបានចុះត្រួតពិនិត្យនៅចំណុចជើងភ្នំក្នុងបរិវេណវត្តបាដាក ស្ថិតក្នុងភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​ ជាក់ស្ដែង​ប្រទះឃើញប្រភេទគ្រាប់ B40 ចំនួន ០៧គ្រាប់ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនអង្គភាពក្រុមបោសសំអាតមីន HALOTRUST ដើម្បីយកទៅកំទេច ចោល។  

ឆ្លៀតក្នុងឱកាសនោះ កម្លាំងនគរបាលស្រុករតមណ្ឌល​ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

ដោយ៖ អរុណរះ


ចែករំលែក៖