ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាចោរលួចខ្សែភ្លើង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន យកមកសាកសួរបញ្ចប់នីតិវិធី រួចបង្ហាញមុខជាសាធារណៈ មុនបញ្ជូនទៅតុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញាថ្មីៗនេះ នៅចំណុចក្រុមទី០២ ភូមិតាគ្រក់ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបងប្រជាពលរដ្ឋនៅចំណុចនោះត្រូវអាក់ខានភ្លាមៗ ដោយសាសេវាទូរស័ព្ទចល័ត សែលខាត Cellcard ដែលគាត់កំពុងប្រើត្រូវបាត់សេវាឈឹងតែម្តង ដែលជាហេតុនាំឱ្យអ្នកប្រើប្រាស់សេវាកម្មនេះមានការងឿងឆ្ងល់ថា សុខៗបាត់សេវាទូរស័ព្ទទៅណាបាត់?
ភ្លាមៗអ្នកមេីលការខុសត្រូវនៅទីនោះក៏ផ្តេីមធ្វេីការត្រួតពិនិត្យទេីបដឹងថាមានជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាត់បំផ្លាញនិងប្រមូលយកនូវខ្សែភ្លើងនៅទីតាំងដែលជាស្ថានីយ៍ផ្តល់សេវាកម្មរបស់ក្រុមហ៊ុនទូរស័ព្ទចល័តសែលខាត Cellcard នោះអស់ចំនួន ៨០ម៉ែត្រ ដោយមានតម្លៃជាទឹកប្រាក់ចំនួន ១,០០០ ដុល្លា សហរដ្ឋអាមេរិកហើយជនសង័្សយបានគេចខ្លួនបាត់។
អ្នកមើលការខុសត្រូវបានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកអំពីអំពើល្មើសដែលបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណនេះ ហេីយនៅថ្ងៃទី៧ ខែកញ្ញ ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ខេត្ត ប៉ៃលិន អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងក្នុងអង្គភាពរបស់ខ្លួន សហការ ជាមួយសមត្ថកិច្ចនគរបាលខេត្តប៉ៃលិន ដែលមានលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ជាស្នងការ ក្នុងនោះ មានការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានបានចូលរួមធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ គឹម ណាក់ ភេទប្រុសអាយុ ២៩ឆ្នាំ រស់នៅក្នុងមូលដ្ឋានខេត្តប៉ៃលិន ក្នុងសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទូរស័ព្ទចល័តសែលខាតCellcardពីក្នុងភូមិសាស្រ្តខេត្តបាត់ដំបងរួចគេចខ្លួនទៅកាន់ខេត្តប៉ៃលិននិងដកហូតបានខ្សែភ្លើងដែលគេយកទៅបកសំបកខាងក្រៅចេញយកតែសាច់ទង់ដែងមួយចំនួនតែប៉ុណ្ណោះ។
បច្ចុប្បន្ននៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌលបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៅស្នងការដ្ឋានដើម្បីអនុវត្តបន្តទៅតាមច្បាប់ហើយ៕
ដោយ៖ អរុណរះ