ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងថា មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បន្តចុះធ្វេីសកម្មភាពត្រួតពិនិត្យនៅតាមទីផ្សារនានា ក្នុងរាជាធានី-ខេត្ត ក្នុងទិសដៅការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទៅ។
ជាក់ស្តែងមន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញ បានដកហូតទំនិញចម្រុះចំនួន ១១១.៧៥គីឡូក្រាមនៅលើទីផ្សារ បន្ទាប់ពីបានរកឃើញកំឡុងពេលត្រួតពិនិត្យនៅតាមផ្ទះលក់ទំនិញ ដេប៉ូចែកចាយទំនិញ ជាពិសេសទីផ្សារសំខាន់ៗនានា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ។
សូមជម្រាបជូនថា ទំនិញមិនមានភាពអនុលោមខាងលើត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរបស់សាខា ហើយបានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករដែលតាំងលក់ទំនិញមិនអនុលោម ស្របតាមច្បាប់ជាធរមាន។
ជាមួយគ្នានោះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានី ខេត្តចំនួន ៤ គឺមានខេត្តកំពត ខេត្តកណ្ដាល ខេត្តកំពង់ និងរាជធានីភ្នំពេញ ក៏បានបន្តចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈស្ថិតនៅតាមទីតាំងគោលដៅផ្សេងគ្នា។ ជាក់ស្ដែងជាលទ្ធផល មន្ត្រីជំនាញបានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈមិនអនុលោម ចំនួន ៣ទីតាំង ក្នុងចំណោម ១១ ទីតាំងក្នុងខេត្តទាំង ៤ ខាងលើ និងបានពិន័យទៅតាមច្បាប់ដែលមានចែងផងដែរ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៨ ខែកញ្ញាម្សិលមិញនេះដែរ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ ដោយមានការយល់ព្រមពីលោកព្រះរាអាជ្ញារ បានចុះទៅដល់ទីកន្លែងដែលមានករណីពុលស្ថិតក្នុងភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ករណីពុលនេះគឺកើតឡើងក្រោយពីបុរសម្នាក់បានស្លាប់ក្រោយពិសារស្រារថ្នាំជុំគ្នា។
ក្រោយពីមន្រ្តីជំនាញពិនិត្យបឋមរួមមក មន្រ្តីក៏បានស្រង់យកសំណាកគំរូបញ្ជូនទៅមន្ទីរពិសោធន៍ធំនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីពិនិត្យរកសារធាតុពុលផងដែរ៕
ដោយ៖ សហការី